អឺរ៉ុប ៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រជាពលរដ្ឋអ៊ីតាលី បានប្រឈមនឹងកម្តៅក្តៅដូចភ្លើង ប៉ុន្តែស្របពេលដែលរលកកម្តៅក្តៅខ្លាំងនៅទូទាំងតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតអឺរ៉ុប អ្នកគាំទ្រក្រុមតន្រ្តីរ៉ុកអង់គ្លេស Muse នៅតែមិនខ្លាចរអារនោះឡើយ ដោយពួកគេនៅតែស៊ូទៅមើលការប្រគំតន្រ្តីដែលពួកគេចូលចិត្តដដែល ។
ក្រុមតន្រ្តីរ៉ុកមួយនេះ បានសម្តែងនៅពេលយប់នៅក្នុងពហុកីឡដ្ឋានអូឡាំពិក ស្ថិតក្នុងទីក្រុងរ៉ូម ដោយលើកពេលប្រគំតន្រ្តី ៤៥នាទី ដើម្បីអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រចូលក្នុងពហុកីឡដ្ឋាន ហើយនិងចៀសវាងម៉ោងក្តៅបំផុតនៅពេលថ្ងៃ ស្របពេលដែលក្រុមអ្នករៀបចំព្រឹត្តការណ៍ បាញ់ទឹកលើក្រុមអ្នកគាំទ្រដែលឈររង់ចាំ ហើយនិងចែកទឹកផឹកដល់ពួកគេ ។
ក្រុមតន្រ្តីរ៉ុក Muse បានជំរុញផងដែរដល់ក្រុមអ្នកគាំទ្ររបស់ពួកគេឲ្យពាក់ឧបករណ៍ការពារកម្តៅព្រះអាទិត្យឲ្យបានត្រឹមត្រូវ និងត្រូវរក្សាជាតិសំណើមគ្រប់ពេល ដោយពួកគេសង្កត់ធ្ងន់ថា បើសិនជាអ្នកព្រួយបារម្ភពីសុខមាលភាពរបស់អ្នក ឬនរណាម្នាក់ផ្សេង សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ។
ខណៈពេលនោះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអាសន្នអាកាសធាតុកម្រិតពណ៌ក្រហមកាលពីថ្ងៃអង្គារ សម្រាប់ទីក្រុងចំនួន ២០ ក្នុងចំណោមទីក្រុង ២៧របស់ប្រទេស ហើយចំនួនទីក្រុង បានកើនឡើងដល់ ២៣នៅថ្ងៃពុធ ពេលដែលសេវាកម្មឧតុនិយមកងកម្លាំងទ័ពអាកាសអ៊ីតាលី ព្យាករណ៍ថា តំបន់មួយចំនួននៅ Sardiniaអាចនឹងមានសីតុណ្ហភាពកើនឡើងរហូតដល់៤៧អង្សាសេ ។
ការប្រកាសអាសន្នកម្រិតពណ៌ក្រហមនេះ បង្ហាញពីស្ថានភាពគ្រាអាសន្នជាមួយនឹងផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែលើមនុស្សចាស់ មនុស្សឈឺ ឬក្មេងៗទេ ប៉ុន្តែវាប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អផងដែរ ។
សេវាកម្មឧតុនិយមក្នុងស្រុកនៅតំបន់ Lazio រាយការណ៍ថា ទីក្រុងរ៉ូម បានចុះបញ្ជីសីតុណ្ហភាពខ្ពស់បំផុតថ្មី ៤១,៨អង្សាសេ ៕

