អាមេរិក ៖ ការិយាល័យអគ្គមេធាវី បាននិយាយកាលពីថ្ងៃអង្គារថា តុលាការប៉ាណាម៉ា បានកាត់ទោសអតីតប្រធានាធិបតីលោក Ricardo Martinelliឲ្យជាប់ពន្ធនាគាររយៈពេលជាង ១០ឆ្នាំ សម្រាប់ការលាងលុយកខ្វក់ ជាហេតុធ្វើឲ្យគំរាមកំហែងដល់ការព្យាយាមដណ្តើមអាណត្តិថ្មីនៅឆ្នាំក្រោយរបស់បេក្ខជននាំមុខម្នាក់នេះ ។
លោក Martinelli បានបញ្ជាក់ពីភាពគ្មានទោសរបស់លោក បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការលើករណីមួយនេះ ដែលគេស្គាល់ថាជាករណី “ធុរកិច្ចថ្មី” ដែលចោទប្រកាន់ថា មូលនិធិរដ្ឋត្រូវបានប្រើប្រាស់ដើម្បីទិញក្រុមហ៊ុនសារព័ត៌មាន ហើយនិងផ្តល់ភាគហ៊ុនភាគច្រើនដល់អតីតប្រធានាធិបតីរូបនេះ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអគ្គមេធាវី បានឲ្យដឹងថា បុគ្គល ៤នាក់ផ្សេងទៀត ត្រូវបានកាត់ទោសផងដែរកាលពីថ្ងៃអង្គារ សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងគម្រោងមួយនេះ ។ លោក Martinelli ត្រូវបានតុលាការបញ្ជាឲ្យបង់ប្រាក់ពិន័យ ១៩,២លានដុល្លារ បន្ថែមពីលើការជាប់ពន្ធនាគាររយៈពេល ១២៨ខែ ។
លោក Carlos Carrillo គឺជាមេធាវីការពារក្តីរបស់លោក Martinelli និយាយថា ក្រុមច្បាប់របស់អតីតប្រធានាធិបតីរូបនេះ នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោស ហើយនិងរកគ្រប់វិធីសាស្រ្តទាំងអស់ខាងច្បាប់ ។ លោកបន្តថា កូនក្តីរបស់លោកនៅអាចចូលរួមប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីបាន ចាប់តាំងពីពេលដែលតតាំងជាមួយនឹងការកាត់ទោសនេះមកម្ល៉េះ ។
អតីតប្រធានាធិបតីរូបនេះ បានប្រឈមផងដែរ នឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់សម្រាប់ការរួមចំណែករបស់លោកក្នុងករណី Odebrecht ដែលជារឿងអាស្រូវស៊ីសំណូកទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងក្រុមមន្រ្តីរដ្ឋនៅទូទាំងអាមេរិកឡាទីន ។
ដោយឡែក កូនប្រុសរបស់លោក ២នាក់ បានវិលត្រឡប់មកកាន់ប្រទេសប៉ាណាវិញកាលពីដើមឆ្នាំនេះ ក្រោយប្រឈមនឹងការជាប់ពន្ធនគារនៅប្រទេសហ្គ័រតេម៉ាឡា និងសហរដ្ឋអាមេរិក សម្រាប់ការលាងលុយកខ្វក់ក្នុងករណីពាក់ព័ន្ធនឹងរឿងអាស្រូវ Odebrecht ៕

