អាមេរិក ៖ រដ្ឋមន្ត្រីយុត្តិធម៌របស់រដ្ឋ Michigan លោកស្រី Dana Nessel កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) បានប្រកាសពីការចោទប្រកាន់បទឧក្រិដ្ឋប្រឆាំងនឹងអ្នកស្រុករបស់រដ្ឋ Michigan ចំនួន ១៦នាក់ ពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេ ក្នុងគម្រោងអ្នកបោះឆ្នោតក្លែងក្លាយ ដែលត្រូវបានចោទប្រកាន់ថា មានគោលបំណងជួយជ្រោមជ្រែងអតីតប្រធានាធិបតី លោក Donald Trump កែប្រែការបរាជ័យរបស់លោកពីការបោះឆ្នោតឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។
សមាជិកគណបក្សសាធារណរដ្ឋ ១៦នាក់ នៅក្នុងរដ្ឋនេះ ត្រូវបានចោទប្រកាន់ពីបទចុះឈ្មោះអ្នកបោះឆ្នោតក្លែងក្លាយ ដោយសង្ឃឹមថា នឹងប្ដូរអ្នកឈ្នះ នៅរដ្ឋ Michigan ក្នុងការបោះឆ្នោតប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden ទៅលោក Trump វិញ។
លោកស្រី Nessel ដែលជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «សកម្មភាពចុះឈ្មោះអ្នកបោះឆ្នោតក្លែងក្លាយ ធ្វើឲ្យបាត់បង់ជំនឿរបស់សាធារណជន ចំពោះភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់យើង ហើយមិនត្រឹមតែរំលោភលើស្មារតីច្បាប់ដែលចែងតម្កល់ទុក និងការពារលទ្ធិប្រជាធិបតេយ្យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជឿផងដែរថា បានបំពានយ៉ាងជាក់ស្ដែង ចំពោះច្បាប់ដែលយើងគ្រប់គ្រងការបោះឆ្នោតរបស់យើង នៅរដ្ឋ Michigan និងការផ្ទេរអំណាចនៅអាមេរិក ដោយសន្តិភាព»។
បទចោទប្រកាន់ទាំងនោះ រួមមានការក្លែងបន្លំ ការសមគំនិតក្នុងការក្លែងបន្លំ និងការសមគំនិត ក្នុងការប្រព្រឹត្តអំពើក្លែងបន្លំសន្លឹកឆ្នោត ដែលម្នាក់ៗអាចទទួលទោសជាប់ពន្ធនាគារពី៥ ទៅ ១៤ឆ្នាំ៕

