កាណាដា ៖ ភ្លើងឆេះព្រៃជាង ២០០កន្លែង កំពុងឆាបឆេះនៅប្រទេសកាណាដា បណ្តាលឲ្យកើតមានខ្យល់ឈ្លក់ផ្សែងនៅទូទាំងប្រទេស និងតំបន់មួយចំនួនទៀតនៅសហរដ្ឋអាមេរិក ។
ខេត្តផលិតប្រេង Alberta របស់ប្រទេសកាណាដា ដែលបានរាយការណ៍ភ្លើងឆេះ ៨៦៤កន្លែងក្នុងឆ្នាំនេះ ភ្លើងឆេះព្រៃយ៉ាងហោច ២០កន្លែងក្នុងចំណោមភ្លើងឆេះព្រៃ ១២០កន្លែង លែងអាចគ្រប់គ្រងបាន ។
ខណៈពេលនោះដែរ ខេត្ត Quebecរាយការណ៍ថា ភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កាត់បន្ថយភ្លើងឆេះព្រៃពី ១៦០កន្លែង កាលពីដើមខែមិថុនា មកនៅភ្លើងឆេះព្រៃ ១០១កន្លែងនាពេលបច្ចុប្បន្ន ក្នុងនោះគ្មានភ្លើងឆេះព្រៃណាមួយលែងអាចគ្រប់គ្រងបាននោះទេ ។
កាណាដាស្ថិតនៅក្នុងរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុតពុំធ្លាប់ដែលមានពីមុនមក ដោយភ្លើងឆេះព្រៃកំពុងឆាបឆេះនៅខេត្ត British Columbia, Alberta, Saskatchewan និងដែនដីសហព័ន្ធភាគពាយ័ព្យនៅភាគខាងលិច ខេត្ត Ontario, Quebec និងខេត្ត Nova Scotia នៅភាគខាងកើតប្រទេស ។
អណ្តាតភ្លើងបានឆេះបំផ្លាញលើផ្ទៃដីព្រៃ ១.២ លានហិចតានៅក្នុងខេត្ត British Columbia រហូតមកដល់ពេលនេះនៅឆ្នាំនេះ ដាច់ឆ្ងាយលើសកាលពីរយៈពេល១០ឆ្នាំកន្លងទៅ ដែលជាមធ្យមត្រឹមតែ៧៦.០០០ហិចតា។
ក្នុងខេត្ត British Columbia ក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ២,០០០នាក់ រួមទាំងអ្នកពន្លត់អគ្គិភ័យមកពីសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក កំពុងទប់ស្កាត់អគ្គិភ័យ៣៧៣កន្លែង ខណៈកង្វះទឹកភ្លៀងក្នុងប៉ុន្មានខែថ្មីៗនេះ បណ្តាលឲ្យខេត្តភាគច្រើនហួតហែង ជាអ្វីដែលក្រុមមន្ត្រីនិយាយថា ជាកម្រិតគ្រោះរាំងស្ងួតមិនធ្លាប់មានពីមុនមក សម្រាប់ដើមរដូវកាលនៅឆ្នាំនេះ ៕

