អាមេរិក ៖ នាយកដ្ឋាននគរបាលដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក (NYPD) មានប្រធានផ្នែកស៊ើបការណ៍សម្ងាត់ និងប្រឆាំងភេរវកម្មជាស្ត្រីដំបូងគេ។ មន្ត្រីទីក្រុងញូវយ៉កបានប្រកាសកាលពីថ្ងៃអង្គារថា លោកស្រី Rebecca Weiner នឹងជំនួសតំណែងលោក John Miller ជាស្នងការរងនៃនាយកដ្ឋាននគរបាលទទួលបន្ទុកស៊ើបការណ៍សម្ងាត់ និងប្រឆាំងភេរវកម្ម។
លោកស្រី Weiner មានបទពិសោធន៍ច្រើនក្នុងការស៊ើបអង្កេតក្រុមស្តាំនិយមជ្រុល ក្រុមភេរវកររដ្ឋអ៊ីស្លាម អាល់កៃដា និងទម្រង់ភេរវនិយមផ្សេងៗទៀត រួមទាំងភេរវកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ លោកស្រីបានចូលរួមជាមួយនាយកដ្ឋាន NYPD ជាអ្នកវិភាគចារកម្មក្នុងឆ្នាំ២០០៦ ហើយបានឡើងឋានៈជាជំនួយការស្នងការសម្រាប់ការប្រឆាំងភេរវកម្ម និងការស៊ើបការណ៍សម្ងាត់នៅក្រោមឱវាទរបស់លោក Miller ។
ក្រុមមន្ត្រីបាននិយាយថា លោកស្រីមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ក្រុមជ្រុលនិយមជ្រុល និងប្រកាន់ពូជសាសន៍របស់នាយកដ្ឋាន NYPD ។ អង្គភាពនេះផ្តោតលើក្រុមប្រព្រឹត្តអំពើខុសច្បាប់ក្នុងស្រុក និងមនុស្សដែលព្យាយាមកំណត់គោលដៅលើជនជាតិភាគតិច ដោយសារការរើសអើងពូជសាសន៍ ឬជនជាតិរបស់ពួកគេ ដូចជាពួកណាហ្ស៊ីជាដើម។
ក្រុមមន្ត្រីបាននិយាយថា លោកស្រី Weiner ក៏បានជួយបង្កើតអង្គភាពវិភាគស៊ើបការណ៍សម្ងាត់ ដែលផ្តោតលើការទប់ស្កាត់ការវាយប្រហារភេរវកម្មនៅក្នុងសហរដ្ឋអាមេរិក និងការវិភាគការវាយប្រហារភេរវករនៅបរទេសផងដែរ។ ការងាររបស់អង្គភាពនេះបានពង្រីកដើម្បីផ្តល់នូវការវិភាគអំពីការបាញ់ប្រហារ និងនិន្នាការឧក្រិដ្ឋកម្ម ដើម្បីជួយដល់នាយកដ្ឋាន NYPD ឲ្យយល់កាន់តែច្បាស់អំពីនិន្នាការឧក្រិដ្ឋកម្ម និងការចាប់ខ្លួនជនល្មើសដែលទទួលខុសត្រូវបំផុតចំពោះអំពើហិង្សា៕

