ប៉ាគីស្ថាន ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ថារដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ាគីស្ថាន នឹងរំលាយសភា ហើយប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលចាំផ្ទះ នៅខែក្រោយ ពោលគឺមានរយៈពេល ៤ថ្ងៃ មុនពេលដែលសភានេះ ត្រូវរលាយតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីរៀបចំការបោះឆ្នោតសកលនៅខែវិច្ឆិកា។
ប៉ុស្តិ៍ទូរទស្សន៍ព័ត៌មានជាច្រើន បានរាយការណ៍ថា គណបក្សធំៗពីរ គឺសម្ព័ន្ធមូស្លីមប៉ាគីស្ថាន League-Nawaz (PML-N) និងគណបក្ស Peoples Party (PPP) របស់ប៉ាគីស្ថាន បានយល់ព្រមរំលាយសភា នៅថ្ងៃទី៦ ខែសីហា។ អាណត្តិរបស់សភានេះ ត្រូវផុតកំណត់នៅថ្ងៃទី១២ ខែសីហា។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី Marriyum Aurangzeb បាននិយាយថា មិនទាន់មានការកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតទូទៅនៅឡើយទេ។
ដោយបញ្ជាក់បន្ថែមនូវការប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទបោះឆ្នោត បន្ទាប់ពីការពិគ្រោះយោបល់ ក្នុងចំណោមគណបក្សដៃគូចម្រុះទាំងអស់ លោកស្រី Aurangzeb បាននិយាយតាមរយៈបណ្ដាញសង្គម Twitter ថា៖ «រហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចណាមួយ ត្រូវបានធ្វើឡើង ជុំវិញការរំលាយសភានោះទេ»។
ការបោះឆ្នោតកាន់តែខិតជិតមកដល់ បន្ទាប់ពីមានភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ចជាច្រើនខែ ជាមួយនឹងភាពមិនច្បាស់លាស់ សូម្បីតែរយៈពេលនៃការបោះឆ្នោត អាចនឹងត្រូវពន្យារពេលយ៉ាងហោចណាស់មួយឆ្នាំ។ រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីលោក Shehbaz Sharif បានចូលមកធ្វើតួនាទី បន្ទាប់ពីអ្នកកាន់តំណែងមុន លោក Imran Khan ត្រូវបានទម្លាក់ចេញពីអំណាច ក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅសភា កាលពីខែមេសា ឆ្នាំ២០២២៕

