ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ ២៣០ និងផ្លូវលេខ ២៣៤ ជាប់ផ្សារនាគមាស ដើម្បីឲ្យមានសោភ័ណភាពល្អប្រសើរឡើងវិញក្រោយបងប្អូនអាជីវករមួយចំនួនបានយកផ្លូវសាធារណៈ ចតរថយន្ត ម៉ូតូរ៉ឺម៉ក និងតាំងទំនិញ លក់លើផ្លូវសាធារណៈបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់ សណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាព។
ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវលេខ ២៣០ និងផ្លូវលេខ ២៣៤ ជាប់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីសាលាខណ្ឌទួលគោកបានឲ្យដឹងថា កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌតែងតែចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវនេះជាប្រចាំប៉ុន្តែអាជីវករមួយចំនួនក៏ដូចជាអ្នករត់ម៉ូតូរ៉ឺម៉ក ដឹកទំនិញ និងរថយន្តផ្ទេរបន្លែផ្លែឈើ តែងតែឆ្លៀតឪកាសចត បង្កឲ្យមានការកកស្ទះចរាចរណ៍និងបាត់បង់ សណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវនេះ។ បន្ថែមទៀតនោះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានបន្តចុះរៀបចំជាប្រចាំ និងបានដាក់កម្លាំងដើម្បីសម្រួលចរាចរណ៍និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ផងដែរ។
សូមបញ្ជាក់ផងដែរ ការចុះរៀបចំផ្លូវនេះកម្លាំងសណ្ដាប់ធ្នាប់បានសហការជាមួយនឹងក្រុមហ៊ុនប្រមូលសំរាមបានបាញ់ទឹកលាងសម្អាតផ្លូវចៀសវាង មានក្លិនឆ្អះឆ្អាប បិរស្ថានអនាម័យដល់បងប្អូនអ្នកធ្វើដំណើរ៕ អត្ថបទ៖ កុម្ភៈ













