ភ្នំពេញ ៖ លោក ម៉ក់ ហឺន ប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារ មកទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាមនី្ទរពេទ្យធំជាងគេក្នុងប្រទេសកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក ម៉ក់ ហឺន ប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារ ដោយមានការសម្របសម្រួលពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញមកទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាមន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក ម៉ក់ ហឺន បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះការបង្កើតមន្ទីរពេទ្យដ៏ធំនេះ ដែលបានបំពាក់នូវសម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើបៗ តាមលក្ខណៈស្តង់ដាអន្តរជាតិ ដើម្បីធានាការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។ លោក ក៏មិនបានដឹងថា នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដ៏ធំរហូតដល់១ម៉ឺនគ្រែដូចនេះទេ លោកដឹងត្រឹមតែ មន្ទីរពេទ្យកាល់ម៉ែត ដែលទើបសាងសង់ថ្មី និងពហុកីឡដ្ឋានជាតិមរតកតេជោប៉ុណ្ណោះ។ តែមន្ទីរពេទ្យនេះ មិនត្រឹមតែធំទូលាយប៉ុណ្ណោះទេ នៅបានបំពាក់គ្រឿងបរិក្ខារមិនចាញ់មន្ទីរនៅក្រៅប្រទេសថែមទៀតផង។
ជាចុងក្រោយនៃដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងលោកតា ម៉ក់ ហឺន បានសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកពិនិត្យ និងពិគ្រោះជំងឺនៅមន្ទីរពេទ្យ ហើយមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្កើតមន្ទីរពេទ្យដ៏ធំមួយនេះ។ ក្នុងឱកាសនោះដែរ លោក ម៉ក់ ហឺន បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញប្រើសិទ្ធិទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ៕ អត្ថបទ រដ្ឋា






















