កំពង់ចាម៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម និងពិភាក្សាអំពីពិធីហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន ប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ណៅ ធួក អនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកំពង់សៀម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម លោក លោកស្រីប្រធាន និងអនុប្រធានក្រុម ការងារចុះមូលដ្ឋានឃុំទាំង១៥ និងលោក លោកស្រីគណៈកម្មាធិការបក្សស្រុកសរុបចំនួន១៥៥នាក់។
នាឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានវាយតម្លៃលើសកម្មភាពយុទ្ធនាការឃោសនាក្នុងរយ:ពេល ១៩ថ្ងៃ កន្លងមកនៅទូទាំងស្រុកកំពង់សៀម ជារួមឃើញថាទទួលបានលទ្ធផលគួរជាទីមោទន។ លទ្ធផលនេះ ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់លើឆន្ទ:ពុះពារ ខិតខំ និងលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តម លោក ជំទាវជាអនុប្រធានក្រុមការងារ សមាជិក សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន សកម្មជនបក្ស។ល។ សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការ ឯកឧត្តម បានធ្វើការណែនាំបន្ថែម ក្រៅពីអ្វីដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាឱ្យសកម្មភាពដង្ហែក្បួននេះកាន់តែមានភាពឱឡារិកអធិអធម គគ្រឹកគគ្រេង និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សុជីវធម៌ សាមគ្គីភាព សុវត្ថិភាព និងសណ្តាប់ធ្នាក់សាធារណ ដើម្បី បង្ហាញពីសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបជូនថា អង្គពិធីបានសម្រេចទិសដៅហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនា នាថ្ងៃទី២១ ខាងមុខ ដោយត្រូវកំណត់យកសមាជិកគណបក្សចូលរួមចំនួន ៤ ០២៥ នាក់ រថយន្តចំនួន ៧៩គ្រឿង និងម៉ូតូចំនួន ១ ៦៦៧គ្រឿង៕













