ភ្នំពេញ៖ នគរបាលត្រៀមកម្លាំងជាង៤៤០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត។
ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជាថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងគាំទ្ររបស់គណបក្សនយោបាយទាំង១៨ ដែលមានក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការឆ្នោត សម្រាប់នីតិកាលទី៧ និងថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ជាមួយគ្នានេះកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់ត្រូវបានយកចិត្តទុកដាក់ខ្ពស់ សម្រាប់រាជធានីភ្នំពេញកម្លាំងការពារសន្តិសុខជាង ៤៤០០នាក់ ត្រូវបានត្រៀមរួចជាស្រេច ដើម្បីបម្រើដល់ដំណើរការបោះឆ្នោតនេះ។
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ BTV នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីបានប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់រួចរាល់ហើយកាលពីព្រឹកមិញ និងបានដាក់ចេញនូវផែនការច្បាស់លាស់ ដោយប្រើកម្លាំងជាង៤៤០០នាក់។
ទាក់ទិននិងការការពារសន្តិសុខសណ្តាប់ធ្នាប់នេះដែរ កម្លាំងនគរបាលតាមបណ្តាខណ្ឌជាប់ព្រំប្រទល់ខេត្តកណ្ដាល ដែលមានច្រកចេញចូលក៏បានត្រៀមលក្ខណៈសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលចាកចេញពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តដើម្បីចូលរួមបោះឆ្នោតផងដែរ។
ទន្ទឹមគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំចំណតចំនួន១០ទីតាំង និងរថយន្តក្រុង ៣៥០គ្រឿង ដើម្បីធ្វើដំណើរចាកចេញពីរាជធានីតាមច្រកសំខាន់ៗក្នុងការដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា