
សារព័ត៌មានរដ្ឋស៊ីរី បានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅជិតរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ដោយបានបណ្តាលឲ្យទាហានស៊ីរីពីរនាក់រង របួស។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋSANA បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា ការការពារដែនអាកាសស៊ីរី បានប្រឈមមុខនឹងមីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែលដែលបានបាញ់នៅម៉ោង១២:១៥នាទីព្រឹក ( ២១:២៥ម៉ោងសកល) ពីតំបន់ខ្ពង់រាបហ្គោឡង់ ( Golan Heights) ដែលអ៊ីស្រាអែលកាន់កាប់ ហើយមីស៊ីលភាគច្រើន ត្រូវបានបាញ់ទម្លាក់។
សារព័ត៌មាន SANA ដែលបានដកស្រង់ប្រភពយោធាមួយចំនួន បាននិយាយថា ទាហានស៊ីរីពីរនាក់ បានរងរបួសក្នុងការវាយប្រហារដោយមីស៊ីលទាំងនោះ ហើយមាន«ការបាត់បង់សម្ភារៈមួយចំនួន»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលជាអ្នកឃ្លាំមើលសង្រ្គាមមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ការវាយប្រហារតាមអាកាសនេះ គឺជាលើកទី២០ ដែលអ៊ីស្រាអែល បានវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ីរី រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ។
ការវាយប្រហារនោះ បានផ្តោតលើទីតាំងយោធានៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Dimas ក៏ដូចជាផ្លូវហាយវេ Beirut-Damascus ភាគខាងលិចនៃរដ្ឋធានី ជាទីដែលសមាជិកវរជននៃកងទ័ពស៊ីរី បានឈរជើង នេះបើយោងតាមអ្នកឃ្លាំមើល។