
ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅក្នុងតំបន់ដាច់ស្រយាលមួយនៃប្រទេសប៉េរូ កាលពីថ្ងៃអង្គារ។
លោក Carlos Oyola អភិបាលក្រុង Fitzcarrald បានប្រាប់វិទ្យុ RPP ថា "បច្ចុប្បន្នមានអ្នកស្លាប់ចំនួន ១២នាក់ និងជាង ១៥នាក់ទៀតរងរបួស។ យើងនៅតែធ្វើការនៅកន្លែងកើតហេតុ ដោយផ្តល់ការគាំទ្រទាំងអស់ រួមជាមួយនឹងនគរបាល បុគ្គលិកសុខាភិបាល និងក្រុមព្រះរាជអាជ្ញាផងដែរ"។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីរសៀលថ្ងៃអង្គារ ដោយរថយន្តក្រុងបានក្រឡាប់ និងរមៀលចូលទៅក្នុងជ្រោះជម្រៅ១០០ម៉ែត្រ (៣៣០ហ្វីត) នៅក្នុងតំបន់ Andean នៃទីក្រុង Ancash ។ រថយន្តក្រុងនេះកំពុងធ្វើដំណើរពីទីក្រុង Yauya ទៅកាន់រដ្ឋធានី Lima នៅពេលដែលវាបានធ្លាក់ជ្រោះ។
អភិបាលក្រុងបាននិយាយថា “បើតាមអ្នកស្រុកបាននិយាយថា រថយន្តក្រុងនេះបានក្រឡាប់យ៉ាងខ្លាំង ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ”។
គ្រោះថ្នាក់កើតឡើងជាញឹកញាប់នៅតាមដងផ្លូវជាតិប្រទេសប៉េរូ ដោយសារការបើកបរហួសល្បឿនកំណត់ ស្ថានភាពផ្លូវមិនល្អ ខ្វះផ្លាកសញ្ញា និងការអនុវត្តច្បាប់ចរាចរណ៍មិនល្អ៕