
អ្នកទទួលបានអត្ថប្រយោជន៍ពីជំនួយស្បៀងអាហារដែលផ្តល់ជូនដោយកម្មវិធីស្បៀងអាហារពិភពលោក(WFP) របស់អង្គការសហប្រជាជាតិ(UN)និយាយថា ពួកគេពិតជាមានការព្រួយបារម្ភថា ការលុបបំបាត់គម្រោងផ្តើមគំនិតគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ អាចនឹងធ្វើឲ្យពួកគេលែងទទួលបាននូវគ្រឿងឧបភោគបរិភោគអស់រួចទៅហើយ ដែលពួកគេនឹងត្រូវទទួលបាន ។
វិបត្តិមនុស្សធម៌ និងកង្វះខាតស្បៀងអាហារនៅយេម៉ែន កាន់តែធ្ងន់ធ្ងរខ្លាំងដោយសារតែកង្វះហិរញ្ញវត្ថុ អតិផរណាពិភពលោក និងបញ្ហាចូលទៅដល់ នាំឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ធ្វើឲ្យគ្រួសារយេម៉ែន មិនអាចដោះស្រាយបាន ។
ការសម្រេចចិត្តរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ឈប់ចូលរួមកិច្ចព្រមព្រៀងរយៈពេល ១ឆ្នាំ ដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធុញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅនោះ បានធ្វើឲ្យបញ្ហាមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង ។
កិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ(UN) និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំ ២០២២ បានជួយឲ្យតម្លៃស្បៀងអាហារពិភពលោកធ្លាក់ចុះ និងអនុញ្ញាតឲ្យទីភ្នាក់ងារជំនួយទទួលបានស្បៀងរាប់សែនតោន ស្របពេលដែលតម្រូវការហក់ឡើងខ្ពស់ និងខ្សត់ខ្សោយមូលនិធិ ។
លោក Babil Al-Qadasiគឺជាមន្រ្តីសារព័ត៌មានរបស់សាលាគម្រោងផ្តល់អាហារ និងជំនួយមនុស្សធម៌(SFHRP) និយាយថា ពួកយើងស្ថិតនៅក្នុងសាលាគម្រោងផ្តល់អាហារ ដែលជាដៃគូរបស់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីបែងចែក ឬចែកចាយជំនួយដល់មនុស្សជាង ៣លាននាក់កន្លះ ឬស្មើនឹងជាង ៥០ម៉ឺនគ្រួសារ ។ ពួកយើងគឺជាដៃគូមួយក្នុងចំណោមដៃគូជាច្រើនទៀត ។
លោកបន្តថា ចំនួនសរុបនៃអ្នកទទួលបានអត្ថប្រយោជន៍ពីជំនួយផ្តល់ជូនដោយកម្មវិធីស្បៀងអាហារពិភពលោក មានជាង ១២លាននាក់នៅទូទាំងប្រទេសយេម៉ែន ។ ការមិនបន្តកិច្ចព្រមព្រៀងនេះដែលជាគម្រោងផ្តើមគំនិតគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ នឹងធ្វើឲ្យមនុស្សជាង ១២លាននាក់នេះ គ្មានជំនួយស្បៀងអាហារ ៕