
ភ្នំពេញ៖ ថ្នាក់ពង្រឹងមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយអាជីវករក្នុងផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើមី្បស្វែងយល់ និងក្តាប់នូវរាល់បញ្ហាមួយចំនួនរបស់អាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយក្រុមអាជីវករផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។ ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យបានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត ក៏បានអំពាវនាវដល់ប្រជាពរដ្ឋ និងអាជីវករទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ និងមានលេខរៀងទី១៨៕



