ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ អមដំណើរដោយលោកជំទាវ យក់ សម្បត្តិ និង ឯកឧត្តម លូ លីឃាង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកា ចុះពន្យល់អំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យការគូសសន្លឹកឆ្នោតបានត្រឹមត្រូវ ចំប្រអប់ជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងថ្ងៃទី១៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេស ពន្យល់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំនុច ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះសំឡេងឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ បន្តអភិវឌ្ឍរីកចម្រើនទៅមុខទ។
ចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ បានទទួលស្វាគមន៍ឯកឧត្តម ម៉ម ប៊ុនហេង រួមនឹងក្រុមការងារ ដែលបានអញ្ជើញមកផ្ទាល់ និងលើកកម្ពស់ទឹកចិត្តជូនប្រជាពលរដ្ឋ ឲ្យមានភាពកក់ក្តៅ និងមានជំនឿចិត្តកាន់តែមុតម៉ាំមកលើគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ម៉ម ប៊ុនហេង សូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិ នៅគ្រប់ទិសទីដែលបានផ្តល់ការគាំទ្រពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ធ្វើឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបម្រើប្រទេសជាតិ តាំងពីដំណាក់កាល សង្រ្គោះជាតិ ពីរបបប្រល័យពូជសាសន៍រហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ រដ្ឋា














