ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងធនាគារអភិវឌ្ឍអាល្លឺម៉ង់ ប្តេជ្ញាអនុវត្តគម្រោងសុខភាពតែមួយឱ្យបានជោគជ័យដើម្បីជាគំរូមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងនៅលើពិភពលោក។
លោកជំទាវវេជ្ជបណិ្ឌត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រី Andrea Godon នាយកគម្រោង (Principal Portfolio Manager) នៃធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ សុខភាពតែមួយ (One Health)នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
ជាកិច្ចចាប់ផ្តើមលោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាមគន៍យ៉ាងកក់ក្តៅចំពោះបេសកកម្ម របស់លោកស្រីនាយកគម្រោង និងថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ដែលបានជួយកម្ពុជាតាំងពីឆ្នាំ២០០៦ លើគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល កម្មវិធីគាំពារសុខភាពសង្គម និងកម្មវិធីអាហារូបត្ថម្ភ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត ក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាពនៃការរៀបចំគម្រោងសុខភាពតែមួយ និងបានស្នើសុំអនុវត្តការសិក្សាលទ្ធភាពគម្រោងឱ្យបានលឿន ព្រមទាំងត្រូវមានលក្ខណៈងាយស្រួល ជាក់លាក់ និងអាចអនុវត្តបាន។
ជាការឆ្លើយតប លោកស្រី Andrea Godon បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល និងគាំទ្រធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល និងគម្រោងសុខភាពតែមួយ (One health) ។ លោកស្រីនាយកគម្រោង ក៏បានសម្តែងនូវការកោតសរសើរចំពោះការរៀបចំគម្រោងសុខភាពតែមួយប្រកបដោយបុរេសកម្ម និងបានឯកភាពក្នុងការជំរុញការអនុវត្តការសិក្សាលទ្ធភាពគម្រោងឱ្យបានលឿនដែលមានលក្ខណៈងាយស្រួល ជាក់លាក់ និងអាចអនុវត្តបាន។ លោកស្រីនាយកគម្រោង ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងសុខភាពតែមួយ ដែលនឹងអាចចាប់ផ្តើមអនុវត្តនាពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ ៖ រដ្ឋា









