
មន្ត្រីឧស្សាហកម្មរបស់ប្រទេសឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការនាំចូលប្រេងផ្កាឈូករ័ត្នរបស់ឥណ្ឌា ទំនងជានឹងធ្លាក់ចុះនៅប៉ុន្មានខែខាងមុខ ខណៈដែលប្រេងនេះ មិនមានការប្រកួតប្រជែងជាមួយនឹងប្រេងគូប្រជែង ដោយសារឡើងថ្លៃ បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
ការធ្លាក់ចុះនៃការនាំចូលប្រេងផ្កាឈូករ័ត្ននេះ នឹងជំរុញឲ្យអ្នកទិញប្រេងចម្រាញ់ពីបន្លែធំជាងគេរបស់ពិភពលោកនេះ បង្កើនការទិញប្រេងដូង និងសណ្តែក ដើម្បីប៉ះប៉ូវវិញ។
កិច្ចព្រមព្រៀងរយៈពេល ១ឆ្នាំដែលអនុញ្ញាតឲ្យការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនប្រកបដោយសុវត្ថិភាពនៅសមុទ្រខ្មៅ បានផុតកំណត់ហើយ កាលពីថ្ងៃចន្ទ (ទី១៧ ខែកកក្កដា) បន្ទាប់ពីរុស្ស៊ីបានដកខ្លួន ហើយព្រមានថា ខ្លួនមិនអាចធានាសុវត្ថិភាព ចំពោះកប៉ាល់ដឹកជញ្ជូនបានទេ ដែលទង្វើនេះ នាំឲ្យអង្គការសហប្រជាជាតិ និយាយថា នឹង«ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សដែលត្រូវការជំនួយគ្រប់ទីកន្លែង»។
លោក Pradeep Chowdhry នាយកគ្រប់គ្រងក្រុមហ៊ុន Gemini Edibles និង Fats India Pvt. Ltd ដែលជាក្រុមហ៊ុននាំចូលឥណ្ឌាឈានមុខគេ បាននិយាយថា ការនាំចេញប្រេងផ្កាឈូករ័ត្នទៅកាន់ប្រទេសឥណ្ឌា អាចធ្លាក់ចុះប្រហែល ៣០ភាគរយ ពីកម្រិតបច្ចុប្បន្ន៕