
បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ក្នុងសហភាពមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារឆ្នាំ២០២១ សិស្សវិទ្យាល័យភាគច្រើន នៅក្នុងទីប្រជុំជនដាច់ស្រយាល Thantlang បានបះបង់ចោលការសិក្សារបស់ខ្លួន ហើយបានទៅកាន់អាវុធជំនួសវិញ ដើម្បីចូលរួមគាំទ្រការបះបោរនៅមូលដ្ឋាន ប្រឆាំងនឹងរបបយោធា។
ធនាគារពិភពលោក បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីខែកក្កដាថា នៅទូទាំងសហភាពមីយ៉ាន់ម៉ា ដែលជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីអាគ្នេយ៍ និងដែលត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាកាន់តែរីកធំឡើងៗ គិតចាប់តាំងពីមានរដ្ឋប្រហារមក មានសិស្សប្រហែលតែ ២២ភាគរយប៉ុណ្ណោះដែលបានចុះឈ្មោះចូលរៀននៅកម្រិតវិទ្យាល័យ។
ធនាគារពិភពលោកបាននិយាយថា ជារួម អត្រាចុះឈ្មោះចូលរៀន នៅក្នុងស្ថាប័នអប់រំរបស់សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចុះជាង ១២ភាគរយ ចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២៣ ដោយអាត្រានេះ បានគូសបញ្ជាក់ពី«វិបត្តិក្នុងការទទួលបានការអប់រំ»។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនាំពាក្យរបបយោធា មិនបានឆ្លើយតប ចំពោះការហៅទូរស័ព្ទ ដែលស្វែងរកការអត្ថាធិប្បាយនោះឡើយ។
គ្រូបង្រៀន និងសិស្សានុសិស្ស នៅសហភាពមីយ៉ាន់ម៉ា បានឈានមុខគេក្នុងចលនាប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធាអស់ជាច្រើនទសវត្សរ៍មកហើយ។ គ្រូបង្រៀនជាច្រើននាក់បានចូលរួមចលនាមិនគោរពច្បាប់ស៊ីវិល តាំងពីមានរដ្ឋប្រហារនោះមក ដែលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអប់រំ។
នៅតំបន់ខ្លះនៃប្រទេសមីយ៉ាន់ម៉ា ទោះបីជាសិស្សានុសិស្ស ត្រឡប់មកថ្នាក់រៀនវិញក៏ដោយ ក៏ជួបការលំបាកដែរ ដោយគ្រូបង្រៀន និងអ្នកស្ម័គ្រចិត្ដប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជួយឲ្យបានចូលទៅក្នុងសាលារៀនមូលដ្ឋាន នៅតំបន់ដែលរងគ្រោះដោយអំពើហិង្សា៕