
ប្រធានសភាលោក Wan Muhamad Noor Matha បាននិយាយថា សភា និងព្រឹទ្ធសភារួមគ្នាបានបោះឆ្នោតច្រានចោលការតែងតាំងជាថ្មីនូវប្រធានគណបក្សបោះជំហានទៅមុខ Move Forward គឺលោក ភីថា លិមចារើនរ៉ាត់ (Pita Limjaroenrat) ជាបេក្ខជននាយករដ្ឋមន្ត្រី ដោយសារតែច្បាប់របស់សភាបានហាមឃាត់។
លោក Wan បានប្រកាសបន្ទាប់ពីសមាជិកសភាចំនួន ៧១៥រូបបានបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចនៅម៉ោង ៥:១០នាទីនៅល្ងាចថ្ងៃពុធនេះ។ ប្រធានសភាបានស្នើឲ្យការបោះឆ្នោតបន្ទាប់ពីមានការជជែកដេញដោលយ៉ាងយូរលើបញ្ហានេះ ដែលបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីកិច្ចប្រជុំបានបើកនៅម៉ោង ៩:៣០នាទីព្រឹក។
នៅក្នុងការបោះឆ្នោតរួមគ្នានេះ សមាជិកសភាចំនួន ៣៩៥រូបបានបោះឆ្នោតប្រឆាំងនឹងការតែងតាំងរបស់លោក ភីថា ដោយ៣១២រូបទៀតបានបោះឆ្នោតគាំទ្រ ហើយមានសមាជិកសភា៨រូបអនុប្បវាទ និងសមាជិកម្នាក់មិនបានអនុវត្តសិទ្ធិបោះឆ្នោត។ មុនពេលបោះឆ្នោត សមាជិកសភាបានចំណាយពេលជាច្រើនម៉ោងដើម្បីជជែកគ្នាថាតើការតែងតាំងត្រូវបានអនុញ្ញាតឬយ៉ាងណា។
ក្រុមអ្នកប្រឆាំងបាននិយាយថា ច្បាប់នៃសម័យប្រជុំសភាលេខ៤៩ បានហាមឃាត់ការបញ្ជូនសំណើដែលបរាជ័យទៅសភាឡើងវិញក្នុងអំឡុងពេលសម័យប្រជុំសភាដូចគ្នា។ ពួកគេបាននិយាយថាការតែងតាំងរបស់លោក ភីថា ត្រូវបានច្រានចោលកាលពីសប្តាហ៍មុន ហើយមិនមានការវិវត្តន៍ថ្មីដែលអាចបង្ហាញពីភាពត្រឹមត្រូវនៃការដាក់ស្នើឡើងវិញនោះទេ។
សមាជិកសភាដែលគាំទ្រលោក ភីថា បានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិនោះ អនុវត្តចំពោះបញ្ហាទូទៅ និងមិនមែនទៅលើការតែងតាំងនាយករដ្ឋមន្ត្រីនោះទេ។ ពួកគេថាជាការតែងតាំងមិនមែនជាបញ្ហាទូទៅនោះទេ។ ពួកគេក៏បាននិយាយផងដែរថា សមាជិកសភាគួរតែគោរពជម្រើសដែលបានធ្វើឡើងដោយអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា៕