
ស្ថានភាពទឹកជំនន់ដែលហូរចេញពីកម្រិតទឹកឡើងខ្លាំងរបស់ទន្លេព្រហ្មបត្រ (Brahmaputra) បានជន់លិចភូមិជិត ៤៥០ភូមិ ក្នុងស្រុកចំនួន ១៧ នៅរដ្ឋអាសាំ (Assam) ភាគឦសាននៃប្រទេសឥណ្ឌា ដោយបានជន់លិចឧទ្យានជាតិ Kaziranga ដែលល្បីល្បាញដោយសារមានសត្វរមាសស្នែងមួយ ឬកុយមួយ។
មន្ត្រីព្រៃឈើក្នុងតំបន់ បាននិយាយថា ទឹកជំនន់បានលិចតំបន់ប្រហែល ៩០ភាគរយ នៅក្នុងតំបន់លាតសន្ធឹងរមនីយដ្ឋាន Agoratoli និង ៥០-៦០ភាគរយ នៅតំបន់លាតសន្ធឹងផ្សេងទៀតនៃឧទ្យាន។ ទឹកជំនន់កើតមានជាញឹកញាប់នៅរដ្ឋអាសាំ (Assam) ដោយសារភ្លៀងមូសុងតាមរដូវ ស្ទើរតែរាល់ឆ្នាំ។
ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យតំបន់ភាគខាងលិចប្រទេសលិចទឹក ក្នុងនោះរួមទាំងទីក្រុងពាណិជ្ជកម្មមុមបៃ (Mumbai) និងទីក្រុង Rajkot។ ទន្ទឹមនឹងនេះ ទីក្រុងញូវដេលី (New Delhi) ត្រូវបានគេមើលឃើញថា វិលទៅរកភាពធម្មតាវិញ បន្ទាប់ពីទឹកទន្លេ Yamuna បានស្រកពីតំបន់សំខាន់ៗរបស់រដ្ឋធានី ដែលត្រូវបានជន់លិច៕