
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានបើកកិច្ចប្រជុំស្ដីពី “លទ្ធផលការចូលរួមនៃយុទ្ធនាការអប់រំផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ការសម្របសម្រួលការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ” ។
កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ ក្រោមវត្តមានឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានការចូលរួមពីឯកឧត្ដម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញរួមទាំងសមាជិក ស .ស.យ.ក.វិស័យ និងនៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញបានលើកឡើងថា ជំនួយរបស់ ស.ស.យ.ក. ត្រូវបានបែងចែកទៅដល់បងប្អូនគ្រប់មជ្ឈដ្ឋានរួមមាន សមាជិករបស់យើង ប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។
ទន្ទឹមនឹងនោះ វត្តមានរបស់សមាជិក ស.ស.យ.ក. នៅតាមបណ្តាទីតាំងនានា ដូចជាកន្លែងចាក់វ៉ាក់សាំង ទីតាំងយកសំណាកជាដើម ត្រូវបានទទួលស្គាល់ពីសមត្ថភាព និងភាពម្ចាស់ការដោយអាជ្ញាធរដែលបំពេញការងារនៅទីនោះ”។ ហើយរាល់ការចូលរួមគឺ ស.ស.យ.ក. បានគិតគូរយ៉ាងខ្លាំងដល់សុវត្ថិភាពជាចម្បងចំពោះសមាជិករបស់ខ្លួន ដែលត្រូវចុះផ្ទាល់នៅតាមទីតាំងដែលមានហានិភ័យ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងកោតសរសើរដល់សមាជិក ស.ស.យ.ក.ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ តាំងពីចាប់ផ្តើមការផ្ទុះឡើងនៃជំងឺនេះ និងជាពិសេសសមាជិករាជធានីភ្នំពេញ និងវិស័យ ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ក្នុងដំណាក់កាលចុងក្រោយដែលភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់។
ជាមួយនឹងជោគជ័យដ៏ធំធេងនេះ ឯកឧត្តម ហ៊ុន មានី ក៏បានក្រើនរំលឹកដល់សមាជិកឲ្យបន្តថែរក្សាស្មារតី ២ ធ្នូ ដែលជាការដាក់ផលប្រយោជន៍ខ្លួនឯង និងក្រុមដោយឡែក ហើយរួបរួមគ្នាដាក់ផលប្រយោជន៍ប្រទេសជាតិជាចំបង។
ម្យ៉ាងទៀតក្នុងដំណាក់កាលដ៏លំបាកនេះ ការបន្តចូលរួមប្រកបដោយស្មារតី និងឆន្ទៈពីសំណាក់បងប្អូន ស.ស.យ.ក. គឺជាកត្តាគួបផ្សំដ៏មានសារៈសំខាន់ក្នុងការឈានទៅយកឈ្នះលើជំងឺកូវីដ ១៩ និងការបិទបញ្ចប់ព្រឹត្តិការ ណ៍សហគមន៍ ២០ កុម្ភៈជាស្ថាពរ។
សូមបញ្ជាក់ថា នៅដំណាក់កាលចុងក្រោយនេះ ការឆ្លងរាលដាលក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានការឆ្លងលឿននេះ យុវជនបានចូលរួមយ៉ាងសកម្ម ក្នុងនោះសមាជិករបស់ ស.ស.យ.ក. មិនបានរាថយនោះឡើយ ដោយបានខិតខំប្រឹងប្រែងជំនះភាពភ័យខ្លាចទាំងឡាយបានដោយជោគ ជ័យ សហការជាមួយអាជ្ញាធរ ចូលរួមកិច្ចការផ្សេងៗ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល និងកាត់ផ្តាច់ឬសគល់នៃមេរោគកូវីដ១៩ ក្នុងសហគមន៍កម្ពុជា៕








