នូវ៉ែលហ្សេឡង់៖ មនុស្ស២នាក់ និងខ្មាន់កាំភ្លើងម្នាក់បានស្លាប់និង៦នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារមួយ នៅឯទីតាំងសំណង់មួយកន្លែង ក្នុងទីក្រុងធំបំផុតអូកលែន(Auckland) របស់ប្រទេសនូវ៉ែលហ្សេឡង់ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងមុន បើកការប្រកួតពានរង្វាន់ World Cup បាល់ទាត់ស្ត្រី ក្នុងទីក្រុងនេះ ។
លោកនាយករដ្ឋមន្ត្រី គ្រីស ហ៊ីប គីនស៍ (Chris Hipkins) បាននិយាយថាការប្រកួត នឹងដំណើរតាមផែនការដោយបន្ថែមថា ការបាញ់ប្រហារនេះ ទំនងជាទង្វើរបស់បុគ្គលម្នាក់ប៉ុណ្ណោះ ហើយថា នគរបាលពុំបានស្រាវជ្រាវរកអ្នកណាម្នាក់ជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះទេ។
លោក Hipkins បាននិយាយអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ពុំត្រូវបានកំណត់ពីសកម្មភាពពាក់ព័ន្ធនយោបាយ ឬ មនោគមន៍វិជ្ជាចំពោះការបាញ់ប្រហារនេះ ទេ និងពុំបានបង្កហានីភ័យដល់សន្តិសុខជាតិឡើយ ។
នគរបាលនិយាយថា ខ្មាន់ប្រដាប់អាវុធប្រដាប់ដោយកាំភ្លើងវែងមួយដើមដែលបានដើចូលទៅក្នុងអគារ ហើយបន្ទាប់ពីឡើងដល់ជាន់ខាងលើ បានជាប់ខ្លួននៅក្នុងជណ្តើរយន្ត។
នគរបាលបាននិយាយថា មានការបាញ់បោះ ជាច្រើនបន្ថែមទៀត ចេញពីបុរសរូបនេះ ហើយ ក្រោយមកត្រូវបានរកឃើញសាកសពរបស់ខ្មាន់កាំភ្លើងរូបនេះ។
ការបាញ់ប្រហារនេះ បានកើតឡើងនៅក្បែរកន្លែងស្នាក់នៅរបស់ក្រុមកីឡាករមួយចំនួន ។ ពួកគេមួយចំនួនបានសរសេរនៅលើបណ្ដាញសង្គមថា ពួកគេមានសុវត្ថិភាពទេ៕

