អ៊ីស្រាអែល៖ កងកម្លាំងបម្រុងអ៊ីស្រាអែលរាប់រយនាក់ បានដើរដង្ហែក្នុងទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ដោយគំរាមមិនព្រមផ្ដល់សេវាកម្មស្ម័គ្រចិត្តរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលជំរុញឲ្យដំណើរការទៅមុខ ចំពោះផែនការដ៏ចម្រូងចម្រាសរបស់ខ្លួន ក្នុងគោលបំណងរារាំងអំណាចរបស់តុលាការកំពូល។

ការជំរុញដោយរដ្ឋាភិបាលចម្រុះជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដើម្បីដកហូតអំណាចត្រួតពិនិត្យមួយចំនួន បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ នៅទូទាំងប្រទេសអ៊ីស្រាអែល និងបានបង្កើនការបារម្ភយ៉ាងខ្លាំង ក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។
ការតវ៉ាមានកាន់តែខ្លាំងឡើងៗ នៅពេលដែលការផ្តល់សច្ចាប័ន កាន់តែជិតកើតឡើង ខណៈដែលរដ្ឋមន្ត្រីមួយរូបក្នុងគណៈរដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាលអាចពិចារណាឡើងវិញនូវផែនការរបស់ខ្លួន ក្នុងការសើរើប្រព័ន្ធតុលាការ ប្រសិនបើការតវ៉ាកើនឡើងឥតឈប់ឈរ។
យោធាអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ពាក់ព័ន្ធនឹងបញ្ហានេះ។ រដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល និយាយថា ការកែប្រែដែលបានស្នើឡើងនេះ គឺចាំបាច់ដើម្បីពង្រឹងនូវអ្វីដែលពួកគេមើលឃើញថា សកម្មជនចៅក្រម កំពុងលូកដៃចូលក្នុងវិស័យនយោបាយ។

ប៉ុន្តែសម្រាប់អ្នកដែលជំទាស់វិញ មិនយល់បែបនេះឡើយ។ ជាក់ស្ដែង អ្នកតវ៉ាម្នាក់ គឺលោកវរសេនីយ៍ឯក Ron Scherf វ័យ ៥១ឆ្នាំ នៅក្នុងអង្គភាពត្រួតពិនិត្យបុគ្គលិកទូទៅ ដែលបម្រើជាកងកម្លាំងយោធាបម្រុងអស់រយៈពេល ២៣ឆ្នាំ បាននិយាយថា សំណើទាំងនោះធ្វើឲ្យខូចតម្លៃប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងរំលោភលើ «កិច្ចសន្យាមិនមានលាយលក្ខអក្សរ» ដែលរដ្ឋាភិបាលមានជាមួយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕