បាល់ទាត់៖ គ្រូបង្វឹកបឹងកេតលោក ហៅ សុជាតិ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា វត្តមានរបស់ ចាន់ វឌ្ឍនាកា នឹងធ្វើឲ្យស្ថានភាពតំបន់បម្រើ និងប្រយុទ្ធរបស់ក្រុមខ្លួនកាន់តែរឹងមាំជាងជើងទី១ ហើយលើកឡើងទៀតថា កូនក្រុមរូបនេះអាចនឹងក្លាយជា Top scorer ក្នុងចំណោមកីឡាករខ្មែរសម្រាប់ពានរង្វាន់ Metfone Cambodian League 2019 នេះ។ដោយបន្តថា លោកមិនហ៊ានអះអាងថា គាត់អាចក្លាយជា Top scorer នៅលីគកំពូលបានទេ ប៉ុន្តែអាចសន្និដ្ឋានបានថា គាត់នឹងអាចក្លាយជាកីឡាករខ្មែរដែលរកបាន គ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេក្នុងរដូវកាល ២០១៩នេះ។ ប៉ុន្តែអ្វីទាំងអស់នេះសុទ្ធតែជាការប៉ាន់ស្មានទេ ព្រោះការរកគ្រាប់បាល់ត្រូវពឹងផ្អែកលើកត្តារួមផ្សំជាច្រើន ពុំមែនតែសាម៉ីកីឡាករម្នាក់ឯងនោះទេ»។ លោក ហៅ សុជាតិ បន្តទៀតថា លោករំពឹងបែបនេះ ព្រោះមើលឃើញពីការប្រឹងប្រែងរបស់ ចាន់ វឌ្ឍនាកា ក្នុងការចូលរួមហ្វឹកហាត់នាពេលកន្លងមកនេះ។
លោកបន្ថែមថា បទពិសោធន៍ពីលីគកំពូលម៉ាឡេស៊ី ដែលមានកម្រិតខ្ពស់ជាងលីគក្នុងស្រុករបស់ វឌ្ឍនាកា បូកផ្សំនឹងឆន្ទៈមោះមុតរបស់គេ នឹងក្លាយជាកម្លាំងសំខាន់មួយជួយក្រុមប្រជែងជើងឯករដូវកាលនេះ។ គួររំឭកថា ចាន់ វឌ្ឍនាកា បានចូលរួមជាមួយបឹងកេតជាលើកទី៣ កាលពីដើមខែនេះក្នុងកិច្ចសន្យារយៈពេល ៣រដូវកាល ក្រោយចែកផ្លូវគ្នាពីក្លិបលីគកំពូលម៉ាឡេស៊ី PKNS ត្រឹមពាក់កណ្ដាលរដូវកាល២០១៩នេះ៕
