
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការអបអរសាទរទៅដល់រដ្ឋាភិបាល និងប្រជាជនចិន ក្រោយពីយានអវកាស«ស៊ូរ៉ុង»បានចុះចតដោយជោគជ័យលើភពព្រះអង្គារ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរបែបនេះនៅក្នុងលិខិតមួយច្បាប់ដែលសម្ដេចផ្ញើទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃនេះ។
យានអវកាស«ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពព្រះអង្គារកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងបេសកកម្ម«ធានវិន-១»។
ក្នុងលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកបេសកកម្មនេះថាជា «សមិទ្ធផលដ៏ធំធេងមួយទៀតដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហរអាកាសរបស់ចិន»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិទាំងមូល»៕

