ស៊ុយអែត៖ ក្រុមអ្នកតវ៉ាដែលខឹងសម្បានឹងការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានក្នុងប្រទេសស៊ុយអែត បានសម្រុកចូលស្ថានទូតស៊ុយអែតក្នុងរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់ ដោយទម្លុះចូលទៅក្នុងបរិវេណ និងដុតភ្លើង។
វីដេអូអនឡាញជាច្រើន បានបង្ហាញឲ្យឃើញក្រុមបាតុករនៅឯបរិវេណអគារការទូតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយគ្រវីទង់ជាតិ និងសញ្ញាបង្ហាញមេដឹកនាំនយោបាយនិងសាសនានិកាយស៊ីអ៊ីត អ៊ីរ៉ាក់ដ៏មានឥទ្ធិពលគឺ លោកMuqtada Sadr( ម៉ុកតាដា អាល់សាត)។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើស្ថានទូតនេះ។
ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលអ៊ីរ៉ាក់ បានណែនាំដល់អាជ្ញាធរសន្តិសុខមានសមត្ថកិច្ចឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងចាត់វិធានការសន្តិសុខចាំបាច់ ដើម្បីបង្ហាញពីកាលៈទេសៈនៃឧបទ្ទវហេតុនេះ និងកំណត់ភិនភាគជនល្មើសនៃទង្វើនេះ និងឲ្យពួកគេទទួលខុសត្រូវតាមច្បាប់»។
ក្រសួងការបរទេសស៊ុយអែត បាននិយាយថា បុគ្គលិកនៅស្ថានទូត «ស្ថិតក្នុងសុវត្ថិភាព» បន្ទាប់ពីស្ថានទូត ត្រូវបានវាយលុក និងដុតបំផ្លាញ៕

