កណ្ដាល៖ មានគណបក្សនយោបាយចំនួនបី បានជូនដំណឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាល រៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២០ ខែកក្កដានេះ ខណៈគណបក្សប្រជាជនកម្ពុជា បានជូនដំណឹងដឹងដែរថា នឹងរៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតាមបណ្តាស្រុកក្រុងទាំង១៣នៅក្នុងខេត្តកណ្តាល នៅថ្ងៃស្អែកនេះ។
បើតាមបណ្តាគណបក្សនយោបាយដែលបានធ្វើសកម្មភាពហែបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ និងត្រៀមហែរបិទនៅថ្ងៃស្អែក បានថ្លែងប្រាប់BTV ថា នៅការហែក្បួនឃោសនារបស់គណបក្សខ្លួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បណ្តាសមាជិកសមាជិការបស់គណបក្សនយោបាយ បានអរគុណរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងបានអភិវឌ្ឍន៍ ស្ថាបនាផ្លូវស្អាតៗ ស្រួលធ្វើដំណើរ ហើយអាចហែគណបក្ស បានច្រើនភូមិឃុំស្រុក ។
បើតាមលោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានថ្លែងថា នៅក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ គឺមានគណបក្សនយោបាយចំនួន៦គណបក្ស បានជូនដំណឹងមកលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាល ដើម្បីធ្វើសកម្មភាពហែគណបក្សឃោសនារកសំឡេងឆ្នោត ខណៈយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្តដាស្អែកនេះ៕អត្ថបទ ស៊ុមសុខជា