ភ្នំពេញ៖ សកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៧៩រូប បានស័្មគ្រចិត្តចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីបានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន។
ក្រោយពីបានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនឥតឈប់ឈរដូចពេលសព្វថ្ងៃនេះ សកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៧៩រូប បានស័្មគ្រចិត្តចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញារួមចំណែកកសាងជាតិមាតុភូមិឱ្យមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
សមាជិកថ្មីទាំង២៧៩រូបត្រូវប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបដ៏ខ្មៅងងិត ប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សន្តិភាព បានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំហើយ ដូច្នេះយុវជនទាំងអស់ត្រូវការពារ សន្តិភាព ដែលរកបានដោយកម្រនេះឱ្យបានគង់វង់។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នារួមគ្នាការពារសន្តិភាពឱ្យបាន តាមរយៈនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ នោះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕អត្ថបទ ៖ប្រាក់ វ៉ាន់ដា




