ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការអំពាវនាវ ឱ្យពលរដ្ឋទូទៅទាំងអស់ សូមចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ។
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សនយោបាយមួយក្នុងចំណោមគណបក្សទាំង១៨ បានធ្វើការដង្ហែក្បួនឃោសនាបក្ស ដើម្បីស្វែងរកសំឡេងឆ្នោតជាលើកទី២របស់ខ្លួន ដោយមានសមាជិកប្រមាណ ១៥០នាក់ចូលរួម ធ្វើដំណើរដោយម៉ូតូ , រថយន្ត និងម៉ូតូផាស់អាប់ជាដើម ។
ទន្ទឹមនឹការដង្ហែក្បួនឃោសនា របស់គណបក្សខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ក្នុងនោះក៏មានសម្រួលដល់លំហូរចរាចរណ៍តាមតម្រាយផ្លូវដែលក្បួនបានហែរឆ្លងកាត់ ពីសំណាក់កងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋាននីមួយៗផងដែរ ដើម្បីធានាបានសន្តិសុខរបៀបរៀបរយល្អផងដែរ ។
លោកយ៉េង វីរះ ប្រធានគណបក្ស បានឱ្យដឹងថា ក្នុងឱកាស៥ឆ្នាំម្តង លោកសុំឱ្យពលរដ្ឋជាម្ចាស់សំឡេងឆ្នោតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតបំពេញកាតព្វកិច្ច ដើម្បីជ្រើសរើសមេដឹកនាំដែលល្អ សម្រាប់ដឹកនាំប្រទេសជាតិ និងការពារប្រជាជនទៅមុខបន្តទៀត ។
គួរបញ្ជាក់ថា រយៈពេល១៩ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ម្សិលមិញ គ.ជ.ប បានបង្ហាញពីស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ៖ លីហេង





