
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល ១សប្ដាហ៍ថែមទៀត ចាប់ពីថ្ងៃនេះរហូតថ្ងៃចន្ទសប្ដាហ៍ក្រោយដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសអំពីការបន្តអនុវត្តវិធានការរដ្ឋបាលមួយសប្ដាហ៍ទៀតនេះ នៅក្នុងសេចក្ដីសម្រេចមួយចេញនៅថ្ងៃនេះ។
ក្នុងសេចក្ដីសម្រេចនោះ រដ្ឋបាលខេត្តកំពង់ស្ពឺបានហាមឃាត់ការប្រមូលផ្ដុំ ឬការជួបជុំទទួលទានអាហារ ភេសជ្ជៈ និងគ្រឿងស្រវឹងចន្លោះពីម៉ោង ៨យប់រហូតដល់ម៉ោង ៣ទៀបភ្លឺ។
ចំណែកឯអាជីវកម្មម្ហូបអាហារ រដ្ឋបាលខេត្តនេះ សម្រេចឱ្យផ្អាកទទួលភ្ញៀវនៅចន្លោះម៉ោង ៨យប់ដល់ម៉ោង ៣ទៀបភ្លឺ ប៉ុន្តែ អនុញ្ញាតឱ្យលក់អាហារលក្ខណៈវេចខ្ចប់។
រដ្ឋបាលខេត្តនេះ ក៏បានហាមឃាត់ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទផងដែរនៅអំឡុងពេលមួយសប្ដាហ៍នេះ ហើយការជួបជុំទទួលទានគ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។
សម្រាប់សកម្មភាពកីឡាដែលមានការប្រមូលផ្ដុំមនុស្សចាប់ពី ២នាក់ឡើងទៅ ក៏ហាមឃាត់ដែរ។
វិធានការរដ្ឋបាលនេះ ចាប់ផ្ដើមបន្តអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែឧសភា ឬថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ៕