អ៊ីរ៉ាក់៖ ប្រធានាធិបតីអ៊ីរ៉ាក់ បាននិយាយកាលពីល្ងាចថ្ងៃពុធថា លោក នឹងកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងបាកដាដជុំវិញការលើកឡើងរិះគន់របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងនឹងការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ចំពោះមេដឹកនាំជាន់ខ្ពស់ខាងគ្រិស្តសាសនារបស់អ៊ីរ៉ាក់។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller កាលពីថ្ងៃអង្គារ បានរិះគន់ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអ៊ីរ៉ាក់ Abdul Latif Rashid ក្នុងការលុបចោលក្រឹត្យមួយ ដែលបានទទួលស្គាល់ Cardinal Louis Sako ជាប្រធានព្រះវិហារ Chaldean Catholic ក្នុងប្រទេសអ៊ីរ៉ាក់ និងអនុញ្ញាតឲ្យគាត់គ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន។
លោក Sako ជាអ្នករៀបចំដ៏សំខាន់នៃដំណើរទស្សនកិច្ចដ៏សំខាន់របស់សម្តេចប៉ាប ហ្វ្រង់ស៊ីស( Pope Francis)ឆ្នាំ២០២១ ទៅកាន់ប្រទេសអ៊ីរ៉ាក់ ហើយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលចាត់ទុកគាត់ជាអ្នកកសាងសន្តិភាព នៅក្នុងប្រទេសដែលញាំញីដោយជម្លោះមួយនេះ។
លោក Sako បានថ្កោលទោសទង្វើរបស់លោក Rashid ដែលលោកបានអះអាងថា ធ្វើឡើងតាមការបញ្ជារបស់មេដឹកនាំកងជីវពលគ្រិស្តអ៊ីរ៉ាក់ដែលជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ ហើយបានប្រកាសពីការចាកចេញរបស់លោកពីទីក្រុងបាកដាដ ទៅកាន់តំបន់ពាក់កណ្តាលស្វយ័តឃើដភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។

លោក Miller បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ខ្ញុំនឹងនិយាយថា ពួកយើងមានការរំខានដោយការយាយីរបស់ លោក Cardinal Sako ...និងមានបញ្ហាជាមួយនឹងព័ត៌មានថា គាត់បានចាកចេញពីទីក្រុងបាកដាដ។
លោក Miller បាននិយាយថា៖«យើងទន្ទឹងរង់ចាំការត្រឡប់មកវិញដោយសុវត្ថិភាពរបស់គាត់។ សហគមន៍គ្រិស្តអ៊ីរ៉ាក់ គឺជាផ្នែកសំខាន់នៃអត្តសញ្ញាណរបស់ប្រទេសអ៊ីរ៉ាក់ និងជាចំណុចកណ្តាលនៃប្រវត្តិសាស្រ្តនៃភាពចម្រុះនិងការអត់ឱនរបស់ប្រទេសអ៊ីរ៉ាក់»៕