ស្រីលង្កា៖ សភារបស់ប្រទេសស្រីលង្កា បានអនុម័តសំណើច្បាប់ដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងអំពើពុករលួយ កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ដែលសំណើច្បាប់នេះ ត្រូវបានធ្វើឡើងដើម្បីកែលម្អអភិបាលកិច្ចក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិនានា ហើយក៏ជាផ្នែកនៃតម្រូវការដែលផ្សារភ្ជាប់ទៅនឹងថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។
ច្បាប់នេះត្រូវបានអនុម័តដោយគ្មានការបោះឆ្នោត នៅក្នុងសភាដែលមានសមាជិក ២២៥រូប ហើយបន្ទាប់ពីវិសោធនកម្មច្បាប់ជាងពីរទំព័រ ត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ក្នុងប្រជុំពេលព្រឹកនោះ ប្រធានសភាស្រីលង្កា លោក ម៉ាហ៊ិនដា យ៉ាប៉ា អាបេវ៉ាដេណា (Mahinda Yapa Abeywardena) បានប្រាប់សមាជិកសភាថា៖ «ច្បាប់នេះត្រូវបានអនុម័តដោយការធ្វើវិសោធនកម្ម»។
សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាង ៧០ឆ្នាំ បន្ទាប់ពីវិបត្តិធនបម្រុងរូបិយប័ណ្ណបរទេសធ្ងន់ធ្ងរ កាលពីឆ្នាំមុន បានបង្ខំឲ្យប្រទេសកោះមួយនេះត្រូវខកខានសងបំណុលបរទេសរបស់ខ្លួន ដែលជាហេតុនាំឲ្យអតិផរណាកើនឡើងខ្ពស់ ហើយរូបិយប័ណ្ណរបស់ប្រទេស បានធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស។
ប៉ុន្តែជោគវាសនារបស់ប្រទេសនេះ បានប្រសើរឡើង បន្ទាប់ពីប្រទេសនេះ បានរៀបចំរួចរាល់នូវកម្មវិធីជំនួយសង្គ្រោះ ២,៩ពាន់លានដុល្លារ ជាមួយ IMF កាលពីខែមីនា ដែលកម្មវិធីនោះ ត្រូវរួមបញ្ចូលនូវការណែនាំឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយថ្មី ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើឲ្យច្បាប់នោះស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ។
សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលកម្មវិធីរបស់ IMF ត្រូវបានភ្ជាប់ទៅនឹងវិធានការបែបនេះ នៅតំបន់អាស៊ី៕


