កណ្ដាល៖ ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ (ឯ.អ) ជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាណត្តិទី៧ បានបាត់ ឬខូចអត្តសញ្ញាណបណ្ណ នៅសល់តែរយៈពេល ២ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយអាជ្ញាធរបានអំពាវនាវដល់ពលរដ្ឋបានបាត់ និងខូចនោះរុះរាន់ទៅធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ ដែលខ្លួនត្រូវបោះឆ្នោត ។
លោកស្រី អ៊ុក សឿន មេឃុំឈើទាល ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា នៅក្នុងឃុំឈើទាល ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួនជាង ៥ ៨០០នាក់ ដោយអ្នកមានឈ្មោះបោះឆ្នោតទាំងអស់ បានត្រៀមនូវឯកសារបោះឆ្នោតរួចរាល់ហើយ ជាពិសេសអត្តសញ្ញាណបណ្ណ ហើយអ្នកដែលបានបាត់ ឬខូចអត្តសញ្ញាណបណ្ណ ក៏បានទៅធ្វើបណ្ណ ឯ.អ ស្ទើរតែអស់ហើយ ។
លោកស្រី បានបន្ថែមថា សម្រាប់ពលរដ្ឋនៅក្នុងឃុំនេះ ត្រូវធ្វើបណ្ណ ឯ.អ មានប្រមាណ ១៥០នាក់ ដែលចំនួននេះ គឺមានតិច បើធៀបនឹងការបោះឆ្នោតអាណត្តិមុន ព្រោះពួកគេមានអត្តសញ្ញាណបណ្ណស្ទើរគ្រប់គ្នា ហើយអ្នកមិនទាន់ធ្វើបណ្ណ ឯ.អ នៅសល់តែចំនួន ២នាក់ទៀតប៉ុណ្ណោះ ដោយអាជ្ញាធរបានជំរុញពួកគេ ឲ្យបានធ្វើមុនថ្ងៃកំណត់ ដើម្បីកុំឲ្យខកខានការបោះឆ្នោត ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សនយោបាយចំនួន ១៨ចូលរួមប្រកួតប្រជែង ។ ការបោះឆ្នោតអាណត្តិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានសម្រួលផងដែរ ក្រៅពីអ្នកបាត់ ឬខូចអត្តសញ្ញាណបណ្ណ គឺអ្នកមានអត្តសញ្ញាណបណ្ណហួសសុពលភាព ក៏អាចយកបោះឆ្នោតបានផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ



