ភ្នំពេញ៖ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៣ ខែកក្កដានេះ មន្រ្តីរៀបការបោះឆ្នោតនៅតាមមូលដ្ឋានរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ជួយសម្របសម្រួលដល់ក្រុមអាទិភាព អាចចូលទៅបោះឆ្នោតបាន មុនប្រជាពលរដ្ឋទូទៅ។
បើតាមលោក អោ វ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២០ខែកក្កដានេះ បានប្រាប់BTVថា គិតមកដល់ពេលនេះក្រុមការងារ បានរៀបលក្ខណៈរួចរាល់ជួយសម្របសម្រួលដល់ ជនពិការ ស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់ជាដើមនោះ អាចចូលទៅការិយាល័យបោះឆ្នោតបានមុនប្រជាពលរដ្ឋទូទៅ។ ការសម្របសម្រួលនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់បោះឆ្នោតរួច អាចត្រលប់ទៅលំនៅដ្ឋានវិញ។
លើសពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណ ឫឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីអាចចូលបោះឆ្នោតបាន។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួនជាង៩លាននាក់ មានគណបក្សនយោបាយចំនួន១៨ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង៕ អត្ថបទ៖ទូច សោភ័ណ