ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តបានមករស់នៅ និងប្រកបមុខរបរនៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញជាបណ្តើរៗហើយ ដើម្បីត្រៀមចូលរួមបោះឆ្នោតនា ថ្ងៃអាទិត្យទី២៣ ខែកក្កដាពេលខាងមុខនេះ នៅស្រុកកំណើតរៀងៗខ្លួន។
កំពុងត្រៀមចេញដំណើរទៅកាន់ស្រុកកំណើតស្ថិតនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកក្កដានេះ លោក រិន ដានី បានប្រាប់ថា នេះជាលើកទី២ ដែលលោកបានចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។
លោកបន្តថា លោកពិតជាសប្បាយរីករាយណាស់ក្នុងការចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។
ប្រជាពលរដ្ឋ៣នាក់ទៀត ដែលបានត្រៀមចូលរួមបោះឆ្នោតនេះដែរ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជ្រើសរើសមេដឹកនាំក្នុងការដឹកនាំប្រទេសជាតិកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រអាណត្តិទី៧ នៃរដ្ឋសភា នឹងចាប់ផ្តើមនៅថ្ងៃ អាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន ១៨ ចូលរួមប្រកួតប្រជែង ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា៕អត្ថបទ៖ឈិត បូរ៉ាវី





