អតីតខ្សែការពារ Manchester City, Benjamin Mendy បានចុះហត្ថលេខាលើកិច្ចសន្យាលេងក្លឹបបាល់ទាត់បារាំង Lorient ៥ ថ្ងៃបន្ទាប់ពីជ្រះស្រឡះពីរឿងក្តីចាប់រំលោភ។
ខ្សែការពារឆ្វេងវ័យ ២៩ ឆ្នាំ ដែលផុតកិច្ចសន្យាជាមួយ Manchester City កាលពីខែមុន បានចុះហត្ថលេខា ២ឆ្នាំលេងឱ្យក្លិបបារាំងមួយនេះ។
Mendy ត្រូវបានតុលាការ Chester Crown កាត់ក្តីសម្រេចចុងក្រោយកាលពីថ្ងៃសុក្រថា មិនមានពាក់ព័ន្ធនឹងការចោទប្រកាន់រំលោភនារីម្នាក់ និងការប៉ុនប៉ងមួយករណីផ្សេងទៀតឡើយ។
Benjamin Mendy ធ្លាប់ជាខ្សែការពារដែលមានតម្លៃថ្លៃបំផុតនៅពេល Manchester City ទិញយកពី Monaco ក្នុងតម្លៃ ៥២ លានផោនកាលពីឆ្នាំ ២០១៧។

ក្នុងការមកដល់ City ដំបូង Manchester City បានឈ្នះពាន English Premier League រដូវកាលដំបូងតែម្តង មុនពេលមានឈ្មោះជាមួយក្រុមជម្រើសជាតិបារាំងឈ្នះជើងឯក World Cup ២០១៨ នៅរុស្ស៊ី។
ឈានមកដល់ឆ្នាំ ២០២១ Mendy លេងប្រកួតចុងក្រោយឱ្យ City ទល់នឹង Spurs នៅខែសីហា មុនពេលត្រូវបានឃាត់ខ្លួនក្នុងខែសីហានោះ ក្រោមការចោទប្រកាន់ពីបទរំលោភ និងជាប់ពន្ធនាគារ ៥ខែ។
ជុំវិញការចោទប្រកាន់ទៅលើ Mendy នេះដែរ ក្រុមអ្នកវិភាគបាល់ទាត់ បានចោទសួរពីការទទួលខុសត្រូវ នៅពេលកីឡាករបាល់ទាត់ម្នាក់ត្រូវបានចោទប្រកាន់ ឈានដល់ជាប់ពន្ធនាគារ ខកខានពីការប្រកួត ហើយចុងក្រោយបែជា ជ្រះស្រឡះថាមិនមានរឿងអ្វីសោះ។
ក្លិបបាល់ទាត់បារាំង Lorient បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ១០ ក្របខណ្ឌបារាំង Ligue 1 នឹងជួបជាមួយ Bournemouth នៅថ្ងៃទី ៥ ខែសីហាខាងមុខលក្ខណៈមិត្តភាព មុនចាប់ផ្តើមរដូវកាលថ្មីជួប Paris Saint Germain នៅថ្ងៃទី ១៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ
