រុស្ស៊ី៖ រុស្ស៊ី បានព្រមានថា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២០នេះ តទៅ រាល់នាវាដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន នឹងត្រូវចាត់ទុកថាជានាវាដឹកគ្រឿងយុទ្ធោបករណ៍ ស្របពេលដែលទីក្រុងគីវ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ថាបានបើកការវាយប្រហារទាំងយប់ដ៏អាក្រក់បំផុតដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនាំចេញគ្រាប់ធុញ្ញជាតិ ។

ក្រសួងការពារជាតិរុស្ស៊ី និយាយថា នាវាដោតទង់ជាតិរដ្ឋ ធ្វើដំណើរទៅកាន់កំពង់ផែអ៊ុយក្រែន នឹងត្រូវចាត់ទុកថាជាភាគីជម្លោះឈរខាងអ៊ុយក្រែន ប៉ុន្តែពួកគេពុំបាននិយាយពីវិធានការបែបណាដែលពួកគេនឹងធ្វើនោះទេ ។ ពួកគេនិយាយថា រុស្ស៊ីបានប្រកាសផងដែរថា តំបន់ភាគអាគ្នេយ៍ និងភាគពាយ័ព្យនៃដែនទឹកអន្តរជាតិសមុទ្រខ្មៅ គឺគ្មានសុវត្ថិភាពបណ្តោះអាសន្នសម្រាប់ការធ្វើនាវាចរណ៍ ។
គួរឲ្យដឹងថា រុស្ស៊ី បានវាយប្រហារទៅលើតំបន់ Odesaនៅយប់ទី ២ជាប់ៗគ្នា ក្រោយកាលពីថ្ងៃចន្ទ ពួកគេលែងចូលរួមជាមួយកិច្ចព្រមព្រៀងរយៈពេល ១ឆ្នាំ ដែលអនុញ្ញាតឲ្យមានផ្លូវសុវត្ថិភាពសម្រាប់គ្រាប់ធុញ្ញជាតិអ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ គឺជាការសម្រេចចិត្តមួយបង្ខំឲ្យអង្គការសហប្រជាជាតិ(UN)ព្រមានពីហានិភ័យបង្កើតឲ្យមានភាពអត់ឃ្លាននៅជុំវិញពិភពលោក ។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយកាលពីថ្ងៃពុធថា ការដកខ្លួនរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិ នឹងគំរាមកំហែងបង្កើនអសន្តិសុខស្បៀងសកល ហើយនិងអាចធ្វើឲ្យតម្លៃស្បៀងអាហារកើនឡើងខ្ពស់ ជាពិសេសនៅតាមបណ្តាប្រទេសក្រីក្រ ។

អ៊ុយក្រែន ដែលចង់ព្យាយាមបន្តការដឹកជញ្ជូនតាមសមុទ្រខ្មៅ ដែលចាំបាច់ចំពោះការផ្គត់ផ្គង់ស្បៀងសកលនោះ និយាយកាលពីថ្ងៃពុធថា ពួកគេបានបង្កើតផ្លូវដឹកជញ្ជូនបណ្តោះអាសន្ន ឆ្លងកាត់តាមប្រទេសរ៉ូម៉ានី ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ក្រុមភេរវកររុស្ស៊ី ពិតជាមានគោលដៅដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធុញ្ញជាតិ ។ រាល់មីស៊ីលរបស់រុស្ស៊ី គឺជាការវាយប្រហារមិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែអ្នករាល់គ្នានៅលើពិភពលោក ដែលចង់មានជីវិតធម្មតា និងសុវត្ថិភាព ។
ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន និយាយថា ជនស៊ីវិល ១០នាក់ដែលរួមទាំងក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ដែរនោះ បានរងរបួស ។ ចំណតគ្រាប់ធុញ្ញជាតិ បានរងការខូចខាត ក៏ដូចជាទីតាំងឧស្សាហកម្ម ឃ្លាំងស្តុកទំនិញ ផ្សារទំនើប អគារស្នាក់នៅរបស់អ្នកស្រុក អគាររដ្ឋបាល ហើយនិងរថយន្តផងដែរ ៕