អាមេរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួបជាមួយទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong ( ង្វៀន ធី ហុង) នៅទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) ដែលជាការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកស្រីមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ខណៈពេលដែលទស្សនកិច្ច នៅទីក្រុងហាណូយ លោកស្រី Yellen នឹងពិភាក្សាអំពីវិធីជួយដល់ការផ្លាស់ប្តូររបស់ប្រទេសទៅកាន់ថាមពលស្អាត ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិ ១៥ពាន់លានដុល្លារពីក្រុមប្រទេសអ្នកមានទាំង៧ (G7)។ លោកស្រីរដ្ឋមន្ត្រីក៏ត្រូវបានគេរំពឹងដែរថា នឹងពិភាក្សាអំពីការអនុវត្តរបស់ប្រទេសវៀតណាមក្នុងការរក្សាតម្លៃរូបិយប័ណ្ណដុងឲ្យទាប អំឡុងពេលជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសនេះ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ទៅកាន់ទីក្រុងហាណូយនេះ កើតឡើងនៅពេលដែលពាណិជ្ជកម្ម រវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង នៅឆមាសទី១នៃឆ្នាំនេះ។ យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល បានឲ្យដឹងថា ការនាំចេញរបស់វៀតណាមទៅអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន បានធ្លាក់ចុះ ២២ភាគរយ ក្នុងចន្លោះពេលពីខែមករា ដល់ខែមិថុនា ដោយធ្លាក់មកត្រឹម ៤៤,៤ពាន់លានដុល្លារ។ ការនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក រួមមាន ទូរស័ព្ទស្មាតហ្វូន សម្លៀកបំពាក់ និងស្បែកជើង។

សូមបញ្ជាក់ដែរថា ដំណើររបស់លោកស្រី Yellen គឺជាផ្នែកនៃការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់ រវាងប្រទេសទាំង២ ដែលឆ្នាំនេះ គឺជាប្រារព្ធខួបលើកទី១០ នៃភាពជាដៃគ្រប់ជ្រុងជ្រោយផ្លូវការដែលមានស្រាប់៕