ក្រុមមន្រ្តីនិយាយថា នៅថ្ងៃព្រហស្បតិ៍ ក្រុមការងារសង្រ្គោះនៅប្រទេសឥណ្ឌា បានព្យាយាមជម្នះលក្ខណៈភូមិសាស្រ្តដ៏ពិបាក និងស្ថានភាពអាកាសធាតុអាក្រក់ ពេលដែលពួកគេរុករកអ្នករស់រានក្នុងហេតុការណ៍បំណាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ នៅភូមិតំបន់ភ្នំមួយកន្លែងស្ថិតនៅរដ្ឋភាគខាងលិច Maharashtra ក្រោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យសើមដីជម្រាលភ្នំ ។

រលកកម្តៅខ្លាំងបំផុត ភ្លើងឆេះព្រៃ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានបង្កភាពវឹកវរនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឲ្យកើតមានក្តីបារម្ភជាថ្មីពីជំហានបម្រែបម្រួលអាកាសធាតុ ។
ក្រុមមន្រ្តីនិយាយថា ដីបានបាក់នៅកណ្តាលជម្រាលភ្នំកាលពីពេលយប់ក្នុងភូមិដាច់ស្រយាល Irshalwadi ស្ថិតក្នុងរដ្ឋ Maharashtra ដែលមានចម្ងាយប្រហែល ៦០គ.មពីទីក្រុងម៉ុមបៃ ។
លោក Devendra Fadnavis គឺជាអភិបាលរងរដ្ឋ Maharashtra និយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា មនុស្សសរុប ៤៨គ្រួសារ រស់នៅទីនោះ ។ មនុស្សប្រហែល ៧៥នាក់ ត្រូវបានជម្លៀសខ្លួន ហើយមកទល់នឹងពេលនេះ មនុស្ស ១០នាក់ បានស្លាប់ ។
សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា មនុស្សប្រហែល ១០០នាក់ ត្រូវបានគេព្រួយបារម្ភថា បានជាប់នៅក្រោមគម្ទេចកម្ទី ហើយក្រុមការងារសង្រ្គោះ កំពុងប្រឹងប្រែងទាំងភ្លៀងធ្លាក់ខ្លាំង ដើម្បីស្វែងរកអ្នករស់រាន ស្របពេលដែលសាច់ញាតិ រង់ចាំដំណឹងនៅជើងភ្នំ ។
លោក S B Singh គឺជាមន្រ្តីមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ដែលទទួលបន្ទុកប្រតិបត្តិការជួយសង្រ្គោះ បាននិយាយប្រាប់កាសែត Indian Express ថា គម្ទេចកម្ទីនៅកន្លែងខ្លះ មានជម្រៅ ពី ៣ម៉ែត្រ ទៅ ៩ម៉ែត្រ ។
លោកបន្តថា វាពិបាកក្នុងការនាំយកគ្រឿចក្រធុនធ្ងន់មកកាន់ទីនេះ ។ គេត្រូវការធ្វើដំណើរចម្ងាយ ២,៨គ.ម ដើម្បីទៅដល់កន្លែងកើតហេតុ ហើយពួកយើងត្រូវតែកាយចេញកម្ទេចកម្ទីដោយដៃ ដែលទំនងជាត្រូវប្រើពេលយូរ ៕
