មន្ត្រីសន្តិសុខបានបាញ់ទៅលើអាកាស និងប្រើបំពង់បាញ់ទឹកពន្លត់អគ្គិភ័យ ដើម្បីបំបែកស្ត្រីអាហ្វហ្គានីស្ថានរាប់សិបនាក់ ដែលកំពុងតវ៉ានៅទីក្រុងកាប៊ុល កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ប្រឆាំងនឹងការបញ្ជារបស់អាជ្ញាធរតាលីបង់ឲ្យបិទហាងកែសម្ផស្ស ដោយនេះជាការចេញបម្រាមចុងក្រោយបង្អស់ ដែលគាបសង្កត់ពួកគេមិនឲ្យប្រើប្រាស់ជីវិតសាធារណៈ។

ចាប់តាំងពីឡើងកាន់អំណាច ក្នុងខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលតាលីបង់បានហាមឃាត់ក្មេងស្រីៗ និងស្ត្រីទាំងអស់ មិនឲ្យចូលរៀនវិទ្យាល័យ និងសាកលវិទ្យាល័យនានា ដោយដាក់បម្រាមចំពោះពួកគេ មិនឲ្យទៅលេងសួនកម្សាន្ត កន្លែងតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណ ហើយបានបញ្ជាឲ្យពួកគេបិទបាំងមុខមាត់ពេលដើរជាសាធារណៈ។

បទបញ្ជាដែលបានចេញកាលពីខែមុន បង្ខំឲ្យបិទហាងកែសម្ផស្សរាប់ពាន់កន្លែងទូទាំងប្រទេសដែលគ្រប់គ្រងដោយស្ត្រី ដែលជារឿយៗជាប្រភពចំណូលតែមួយគត់សម្រាប់គ្រួសារ ហើយលើសពីនោះទៀតបទបញ្ជានោះ បានបិទឱកាសមួយ ក្នុងចំណោមឱកាសនៅសល់តិចតួច ដែលជួយឲ្យពួកស្ត្រីទាំងឡាយក្នុងការប្រទេសនេះ បានជួបជុំគ្នា ក្រៅពីផ្ទះរបស់ខ្លួន។
ការតវ៉ាជាសាធារណៈ គឺកម្រកើតមានណាស់ នៅអាហ្វហ្គានីស្ថាន ហើយជាញយៗ ត្រូវបានបំបែកដោយកងកម្លាំងអាជ្ញាធរ ប៉ុន្តែគេបានឃើញស្ត្រីប្រហែល ៥០នាក់ ចូលរួមក្នុងការប្រមូលផ្តុំកាលពីថ្ងៃពុធ ដោយបង្កឲ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកសន្តិសុខភ្លាមៗ។ ក្រោយមក ក្រុមអ្នកតវ៉ា បានចែករំលែករូបភាពវីដេអូ និងរូបថតជាមួយអ្នកកាសែត ដែលបង្ហាញថា អាជ្ញាធរប្រើបំពង់បាញ់ទឹកពន្លត់អគ្គិភ័យបំបែកពួកគេ ខណៈដែលគេអាចលឺសំឡេងកាំភ្លើង ចេញពីកន្លែងណាមួយមិនពិតប្រាកដ។
ហាងកែសម្ផស្សបានរីកដុះដាលពេញទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២០ឆ្នាំ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសនេះ៕
