ទាហានបម្រុង និងទាហានចូលនិវត្តន៍កូឡុំប៊ីរាប់រយនាក់ បានចេញដើរតាមផ្លូវនៃទីក្រុងបូហ្គោតា (Bogota) កាលពីថ្ងៃពុធ (១៩ កក្កដា) ដើម្បីសម្តែងការមិនសប្បាយចិត្តរបស់ពួកគេចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតីកូឡុំប៊ីឆ្វេងនិយមលោក Gustavo Petro ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ Bolivar នៃទីក្រុងបូហ្គោតា ដើម្បីបដិសេធគោលនយោបាយសន្តិភាពអនុវត្តដោយរដ្ឋាភិបាលជាតិ ដែលភាគច្រើនមានទំនាក់ទំនងនឹងក្រុមប្រដាប់អាវុធដូចជាក្រុមប្រឆាំងរបស់កងទ័ពរំដោះជាតិ ELN និងក្រុមកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ប្រទេសកូឡុំប៊ី FARC ជាដើម។
ក្រុមបាតុករជាច្រើនបានគ្រវីទង់ជាតិកូឡុំប៊ី និងកាន់បដាដែលមានពាក្យស្លោកដូចជា "មិនត្រូវការប្រធានាធិបតីដូចជាលោក Petro ទៀតទេ" និង "សូមឲ្យលោក Petro ចេញទៅ”។

ក្រុម ELN គឺជាក្រុមឧទ្ទាមដែលនៅសេសសល់ចំណាស់ជាងគេរបស់ប្រទេសកូឡុំប៊ី ហើយកិច្ចពិភាក្សាគឺជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Petro ដោយខ្លួនលោកផ្ទាល់ធ្លាប់ជាសមាជិកនៃក្រុមបះបោរ M-19 ដែលត្រូវបានរំសាយនៅពេលនេះផងដែរ ដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាព ឬកិច្ចព្រមព្រៀងចុះចូលជាមួយពួកឧទ្ទាម និងក្រុមអន្ធពាលឧក្រិដ្ឋកម្មដែលនៅសេសសល់ទាំងនោះ៕