ក្រុមមន្ត្រីអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២០ កក្កដា)នេះថា សហរដ្ឋអាមេរិកកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាការវិលត្រឡប់ដោយសុវត្ថិភាពរបស់ទាហានអាមេរិកដែលបានឆ្លងព្រមដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង។

បេសកជនពិសេសអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានធ្វើអត្ថាធិប្បាយពីទាហានឈ្មោះ Travis King ដែលបានឆ្លងព្រំដែនចូលកូរ៉េខាងជើងកាលពីថ្ងៃអង្គារ (១៨ កក្កដា) មុនពេលកិច្ចប្រជុំត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង ស្តីពីការប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។

ជំនួបនេះបានធ្វើឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងជុំវិញឧបទ្វីបកូរ៉េ។ ការឆ្លងដែនដោយគ្មានការអនុញ្ញាតរបស់លោក King ចូលទៅក្នុងប្រទេសកូរ៉េខាងជើងបានកើតឡើងនៅថ្ងៃដូចគ្នាដែលនាវាមុជទឹកមីស៊ីលបាលិស្ទិកបំពាក់ដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក៕