
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយនៅថ្ងៃនេះ ក្រោយពីត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់ ក្នុងនោះមានអ្នកជំងឺកូវីដ-១៩ចំនួន ១នាក់ជាអ្នកធ្វើដំណើរទៅពីភ្នំពេញ និងអ្នកជំងឺកូវីដ-១៩ចំនួន ៥នាក់ទៀតរស់នៅក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកពួក និងស្រុកជីក្រែង។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ អ្នកជំងឺកូវីដ-១៩ទាំង ៦នាក់ខាងលើ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ និងបន្ដការដាក់ខ្លួនដាច់ដោយឡែក ឬធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃនេះ ខេត្តសៀមរាបរកឃើញអ្នកជំងឺកូវីដ-១៩សរុបចំនួន ៨២នាក់ហើយ ករណីស្លាប់ចំនួន ២នាក់ និងអ្នកជំងឺកូវីដ-១៩ចំនួន ៣០នាក់ត្រូវបានព្យាបាលជាសះស្បើយ ខណៈដែរអ្នកជំងឺកូវីដ-១៩ចំនួន ៥០នាក់ទៀត កំពុងបន្តស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២២ ៨៨៩នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕