ប្រទេសសិង្ហបុរីដែលត្រូវបានគេស្គាល់ដោយសារស្ថិរភាពនយោបាយរបស់ប្រទេសនេះ ត្រូវបានរង្គោះរង្គើដោយសាររឿងអាស្រូវនយោបាយដ៏កម្រមួយ។ កាលពីសប្តាហ៍មុន ទេសរដ្ឋមន្ត្រីមួយរូបត្រូវបានចាប់ខ្លួននៅក្នុងការស៊ើបអង្កេតអំពើពុករលួយ ដែលជាការចាប់ខ្លួនលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍ដែលត្រូវបានជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតបែបនេះ។

ហើយកាលពីថ្ងៃចន្ទ សមាជិកសភាពីររូប ដែលម្នាក់ក្នុងចំណោមពួកគេធ្លាប់មានឋានៈជានាយករដ្ឋមន្ត្រីដ៏មានសក្តានុពល បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានគេបង្ហាញថា ពួកគេកំពុងមានទំនាក់ទំនងស្នេហាក្រៅឆាក។

បញ្ហានេះបានធ្វើឱ្យប្រជាជនដែលរស់នៅក្នុងរដ្ឋ-ទីក្រុងមួយនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលប្រទេសនេះធ្លាប់មានមោទនភាពចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់អភិបាលកិច្ចស្អាតស្អំ និងមានមេដឹកនាំដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងពិភពលោក។
ក្រុមអ្នកវិភាគនិយាយថា រឿងអាស្រូវដែលលាតត្រដាងទាំងនេះអាចរារាំងការគាំទ្រដល់គណបក្សសកម្មភាពប្រជាជន (PAP) ដែលកាន់អំណាចតាំងពីឆ្នាំ១៩៥៩មក និងទទួលបានសំឡេងភាគច្រើននៅក្នុងសភា។
ពួកគេក៏និយាយដែរថា បញ្ហានេះធ្វើឱ្យមានការសង្ស័យថា តើនៅពេលណាដែលលោកនាយករដ្ឋមន្ត្រី លី សៀនឡុង អាចប្រគល់តំណែងដឹកនាំឲ្យអ្នកផ្សេងបាន៕