ភ្នំពេញ៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នាព្រឹកថ្ងៃទី២០ ខែកក្កដា បានដឹកនាំក្រុមការងារ គណបក្ស ប្រជាជន កម្ពុជា ចុះជួបសំណេះសំណាលជាមួយអាជីវករ ដែលកំពុងប្រកបអាជីវកម្មលក់ដូរក្នុងផ្សារទំនប់ ឃុំទំនប់ ស្រុកបាធាយ ក្នុងគោលបំណងសាកសួរសុខទុក្ខ និងដើម្បីបង្កើននូវភាពស្និតស្នាល និងស្វែងយល់ពី បញ្ហាមួយ ចំនួនរបស់អាជីវករដែលកំពុងជួបប្រទះ។
ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនទាំងអស់ ព្រមទាំងតែងតែ ណែនាំ ដល់ថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។
ឯកឧត្តម បានលើកឡើងថា ផ្សារទំនប់ ជាផ្សារមួយក្នុងចំណោមផ្សារជាច្រើនក្នុងស្រុកបាធាយ ដែលកើតឡើង ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហើយក៏ជាទីកន្លែងមួយសម្រាប់ដោះដូរទំនិញ និងបំពេញ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ព្រមទាំងជាកន្លែងសម្រាប់បម្រើសេវាកម្មនានាដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យបានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវដល់ប្រជាពរដ្ឋ និងអាជីវករទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ និងមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី៧ និងប្តេជ្ញាចិត្តគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយឯកឧត្តមបណ្ឌិត ជាបញ្ញវន្តមួយរូបនដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយ ដែលឯកឧត្តមសិក្សាមកពីបរទេស៕ ដោយ ៖ បូរ៉ាវី






