
ជនអន្តោប្រវេសន៍ដែលជាប់ខ្លួននៅម៉ិកស៊ិក រង់ចាំឱកាសដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេនៅសហរដ្ឋអាមេរិក កំពុងប្រឈមនឹងសីតុណ្ហភាពដ៏ក្តៅបំផុតរហូតដល់ ៤៣អង្សាសេ នៅទីក្រុងព្រំដែន Nuevo Laredo។
ពួកគេមួយចំនួន នាំគ្នាជ្រកក្រោមម្លប់សំពត់តង់ នៅជំរុំជនអន្តោប្រវេសន៍ ឬធ្វើដំណើរទៅកាន់សួនកម្សាន្តក្បែរនោះ ។
យោងតាមការអះអាងរបស់ជនអន្តោប្រវេសន៍វេណេហ៊្សុយអេឡាមួយរូប គឺអ្នកស្រី Luis Miguel Salinas បានឲ្យដឹងថា សេវាកម្មដូចជាទឹកផឹក ចរន្តអគ្គិសនី និងគ្រូពេទ្យ ត្រូវបានកាត់បន្ថយ ធ្វើឲ្យក្តីសង្ឃឹមរបស់ជនអន្តោប្រវេសន៍ទៅកាន់ទឹកដីសហរដ្ឋអាមេរិក កាន់តែលែងមានបន្តិចម្តងៗ ។
អ្នកស្រី Luisនិយាយថា ដូចដែលអ្នកដឹងហើយថា សីតុណ្ហភាពខ្ពស់ពីបាកទ្រាំណាស់ ។ ពួកយើងត្រូវតែទ្រាំ ដោយសារតែពួកយើងមានសំពាធនៅទីនេះ ពួកយើងពុំអាចចាកចេញទៅណាបាននោះទេ។
អ្នកស្រីបន្តថា ពួកយើងទ្រាំ ដើម្បីពលីសម្រាប់កូនៗរបស់ពួកយើង និងសម្រាប់ពួកយើងខ្លួនឯងផ្ទាល់ ប៉ុន្តែយើងពុំទទួលបានចម្លើយណាមួយឡើយនៅទីនេះ ។ ពួកយើងធ្លាប់តែមានទឹក ពួកយើងធ្លាប់តែមានចរន្តអគ្គិសនី។ ពួកគេនាំយកចេញទៅអស់ហើយថាមពល ទឹក ក្រុមបុគ្គលិកមកពីក្រុមគ្រូពេទ្យគ្មានព្រំដែន។ ក្តីសង្ឃឹមរបស់ពួកយើងក្នុងការឆ្លងកាត់ទៅកាន់សហរដ្ឋអាមេរិក កាន់តែថយចុះបន្តិចម្តងៗ។
ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Nuevo Laredo បានរងផលប៉ះពាល់ដូចគ្នាដោយសារតែរលកកម្តៅនេះ ក្នុងនោះម្ចាស់ធុរកិច្ចមួយចំនួន បានផ្តល់ឲ្យកម្មករនូវអេឡិចត្រូលីត និងចាប់ផ្តើមផ្លាស់វេនធ្វើការនៅមុនព្រះអាទិត្យរះ៕