
សម្លៀកបំពាក់ការពារកម្តៅថ្ងៃគឺជាការពេញនិយមសម្រាប់មនុស្សគ្រប់វ័យនៅក្នុងទីក្រុងប៉េកាំង ដែលកំណត់ត្រាអាកាសធាតុថ្មីមួយ ត្រូវបានកំណត់បន្ទាប់ពីសីតុណ្ហភាពនៅតែស្ថិតនៅលើសពី ៣៥អង្សាសេ (៩៥ ហ្វារិនហៃ) សម្រាប់ថ្ងៃទី២៨ជាប់ៗគ្នាកាលពីថ្ងៃពុធ (១៩ កក្កដា)។
មួកមានគែមធំទូលាយ របាំងមុខពេញ និងដៃអាវធ្វើពីក្រណាត់ត្រជាក់ ធន់នឹងកាំរស្មីយូវី បានក្លាយជាការពេញនិយមជាពិសេសក្នុងចំណោមអ្នកស្រុក និងអ្នកទេសចរសម្រាប់ការការពារពីកម្ដៅព្រះអាទិត្យ។
អ្នកលក់ម្នាក់ឈ្មោះថា Wang បាននិយាយនៅក្នុងហាងលក់មួកមួយកន្លែងថា "បើប្រៀបធៀបទៅនឹងរយៈពេលមុនមានជំងឺរាតត្បាតកាលពី២ ឬ ៣ឆ្នាំមុន ឆ្នាំនេះគឺល្អប្រសើរជាងឆ្នាំមុនច្រើន។ បរិមាណនៃការលក់ពិតជាកើនឡើងច្រើននៅឆ្នាំនេះ"។
យោងតាមបុគ្គលិកម្នាក់ឈ្មោះថា Duan នៅផ្សារទំនើប Bairong Mall ដែលជាមជ្ឈមណ្ឌលលក់ដុំក្នុងទីក្រុងប៉េកាំងបានឲ្យដឹងថា អាកាសធាតុក្តៅខុសពីធម្មតា និងការបើកដំណើរការឡើងវិញនៃអាជីវកម្មបន្ទាប់ពីជំងឺរាតត្បាត បាននាំឱ្យមានការលក់សម្លៀកបំពាក់ចម្រុះពណ៌ និងរចនាបទទំនើបសម្រាប់សម្លៀកបំពាក់ការពារកម្ដៅនៅឆ្នាំនេះផងដែរ៕