
សត្វឃ្មុំជាង ១០០លានក្បាល បានងាប់នៅក្នុងប្រទេសប្រេស៊ីល ក្រោយពួកវាពុលដោយសារតែថ្នាំសម្លាប់សត្វល្អិតដែលគេប្រើប្រាស់ដោយខុសច្បាប់នៅរដ្ឋភាគខាងលិច Mato Grosso ។
ដានថ្នាំសម្លាប់សត្វល្អិត Fipronil ដែលបានសម្លាប់សត្វឃ្មុំ ត្រូវបានគេរកឃើញនៅក្នុងបង្គងឃ្មុំយ៉ាងហោច ៦០០បង្គង ក្រោយវិទ្យាស្ថានការពារកសិកម្មរដ្ឋ Mato Grosso បានស៊ើបអង្កេតលើករណីងាប់សត្វឃ្មុំរាប់លានក្បាលកាលពីរយៈពេល ១ខែមុន ដោយសត្វឃ្មុំមួយចំនួន ជាប្រភេទសត្វឃ្មុំជិតផុតពូជ ។
សូមបញ្ជាក់ថា ថ្នាំសម្លាប់សត្វល្អិត Fipronil ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់លើដំណាំនៅប្រេស៊ីល ប៉ុន្តែដោយសារតែវាមានសារធាតុពុលដល់សត្វឃ្មុំ ការបាញ់ថ្នាំប្រភេទនេះនៅក្នុងខ្យល់ ត្រូវបានហាមឃាត់ ។
ដោយឡែក ម្ចាស់កសិដ្ឋានដែលបណ្តាលឲ្យពុលបង្គងឃ្មុំនៅតាមទីក្រុងជាច្រើនក្នុងរដ្ឋ Mato Grosso ត្រូវបានគេពិន័យជាប្រាក់ជាង ៤៧.០០០ដុល្លារ ។
លោក Rodrigo Vicenzi គឺជាវិស្វករនៅវិទ្យាស្ថានការពារកសិកម្មរដ្ឋ Mato Grosso និយាយថា ផលិតផលកសិកម្ម មិនត្រូវបានអនុញ្ញាតឲ្យបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងខ្យល់នោះទេ ។ អាជ្ញាប័ណ្ណធ្វើកសិកម្ម ដែលត្រូវបានបង្ហាញដល់ពួកយើង គឺត្រូវបានអនុញ្ញាតឲ្យបាញ់តែលើដំណាំក្នុងដីប៉ុណ្ណោះ ហើយពួកគេពុំបានប្រើប្រាស់ឲ្យបានត្រឹមត្រូវនោះទេលើដី ជាកន្លែងដែលពួកយើងរកឃើញភាពពុំប្រក្រតី ។
ចំណែកឯកលោក Marliton Barreto គឺជាអ្នកជំនាញសិក្សាសត្វល្អិតបង្រៀននៅមហាវិទ្យាល័យសហព័ន្ធរដ្ឋ Mato Grosso និយាយថា ពួកយើងកំពុងជជែកគ្នាពីសត្វក្រេបលម្អង ដែលមានតួនាទីឈានមុខគេ ក្នុងការចិញ្ចឹមជីវិតរបស់ពួកយើង និងទ្រទ្រង់ជីវិតរបស់ពួកយើង ៕