អ៊ីស្រាអែល៖ ស្នូរកាំភ្លើងលាន់លឺរំពងកាលពីថ្ងៃអង្គារ ខណៈក្រុមអ្នកតវ៉ារាប់រយនាក់បានប្រមូលផ្ដុំគ្នានៅតាមតំបន់ជាយក្រុង Ramallah ជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យរបស់យោធាអ៊ីស្រាអែល។ គេបានមើលឃើញអ្នកតវ៉ាមួយចំនួនបាញ់ផាវឡើងលើអាកាស មុនពេលលឺសំឡេងគ្រាប់កាំភ្លើងពិតចំនួន ២គ្រាប់។ នៅមិនទាន់មានការបញ្ជាក់ភ្លាមៗទេថា តើនរណាជាអ្នកបាញ់។

នៅពេលគ្រាប់កាំភ្លើងបានផ្ទុះឡើង គេឃើញអ្នកតវ៉ាមួយចំនួនកំពុងតាមសំឡឹងរកមើលថា តើគ្រាប់កាំភ្លើងទាំងនោះចេញពីកន្លែងណា។ មនុស្សភាគច្រើនស្រែកស្រុះៗថា ព្រះជាម្ចាស់ដ៏អស្ចារ្យជាភាសាអារ៉ាប់។ ក្រុមបាតុករកំពុងតវ៉ាប្រឆាំងនឹងការវាប្រហារ តាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១៣នាក់ រួមទាំងកុមារ ៦១នាក់ និងស្រី្ត ៣៦នាក់ និងបានបណ្ដាលឲ្យមនុស្សជាង ១,៤៤០នាក់រងរបួស នេះបើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សា។ ក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀតបានបាញ់រ៉ូកែតជាង ៣,៤០០គ្រាប់ពីតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្ស ១២នាក់នៅក្នុងទឹកដីអ៊ីស្រាអែល រួមទាំងកុមារអាយុ ៥ឆ្នាំម្នាក់ និងទាហានម្នាក់។

ខណៈដែលជម្លោះនៅក្នុងតំបន់ហ្គាហ្សា នៅតែពុំទាន់បង្ហាញសញ្ញានៃភាពធូរស្រាល និងបទឈប់បាញ់ទំនងជាមិនអាចទៅរួច ក្រុមពលរដ្ឋប៉ាឡេស្ទីនបានចេញតវ៉ាកាលពីថ្ងៃអង្គារ នៅតាមដងផ្លូវនានានៃទីក្រុង Beit El ក្នុងតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល។ ក្រុមអ្នកតវ៉ាបានដុតសំបកកង់រថយន្ត និងស្រែកខ្លាំងៗប្រឆាំងអ៊ីស្រាអែល ព្រមទាំងបង្ហាញការគាំទ្រជាមួយពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។ អ្នកតវ៉ាខ្លះបានគប់ដុំថ្មទៅលើទាហានអ៊ីស្រាអែល ដែលកំពុងតបតទៅនឹងអ្វីដែលទំនងជាគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក៕
អត្ថបទ៖ សុខមាន