
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២០ កក្កដា) នេះថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី និងចិនកំពុងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រជប៉ុនរហូតដល់ថ្ងៃទី ២៣ ខែកក្កដា។
យោងតាមក្រសួងការពារជាតិរុស្ស៊ី គោលបំណងចម្បងនៃសមយុទ្ធដែលមានកូដថា "Northern/Interaction 2023" គឺការពង្រឹងកិច្ចសហប្រតិបត្តិការលើនាវាចរណ៍រវាងប្រទេសទាំងពីរ និងការការពារសន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមយុទ្ធនេះរួមមាន ការកំណត់ទីតាំងនាវាមុជទឹក នាវាអមដំណើរ ឆ្នេរសមុទ្រ ព្រមទាំងការការពារដែនអាកាស និងសមយុទ្ធបាញ់កាំភ្លើងធំផងដែរ។
គ្រឿងយុទ្ធោបករណ៍សម្រាប់សមយុទ្ធរបស់រុស្សីមាន នាវាចម្បាំងប្រឆាំងនាវាមុជទឹកដ៏ធំចំនួនពីរគ្រឿង និងនាវាផ្ទុកមីស៊ីលដឹកនាំពីរគ្រឿង ព្រមទាំងយន្តហោះ និងនាវាជំនួយផងដែរ។
ប្រទេសចិនបានដាក់ពង្រាយនាវាពិឃាតបំពាក់ដោយមីស៊ីលប្រព័ន្ធទូរបញ្ជាចំនួនពីរគ្រឿង និងនាវាចម្បាំងពីរគ្រឿង យន្តហោះចម្បាំង យន្តហោះដឹកជញ្ជូន និងយន្តហោះឈ្លបយកការណ៍ រួមទាំងឧទ្ធម្ភាគចក្រឆ្លងកាត់សមុទ្រចំនួនបួនគ្រឿង។
ប្រព័ន្ធផ្សព្វផ្សាយយោធាចិនបានរាយការណ៍ថា នាវាពិឃាតមីស៊ីលនាំផ្លូវរបស់ចិន ឈ្មោះ Qiqihar កំពុងបម្រើការជាទីបញ្ជាការរួម៕